(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ គឺធ្វើឱ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល នៅពេលពួកគេធ្វើចលនាបាតុកម្ម ដូច្នេះ ដើម្បីឈ្នះបដិវត្តពណ៌ វិធីតែមួយគត់ គឺកាន់កម្លាំងប្រដាប់អាវុធឱ្យជាប់ និងគ្រប់គ្រងរដ្ឋបាលស៉ីវិលឱ្យបាន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលក្រសួងការពាជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧទាហរណ៍រដ្ឋប្រហារចេញ មិនថាមកពីណាទេ ត្រូវធ្វើសកម្មភាពភ្លាមបំផ្លាញចោល អត់មានឱ្យអ្នកឯងមកបង្កើតបដិវត្តន៍ពណ៌ នៅក្នុងហ្នឹងរញ៉េរញ៉ៃ ចំណុចស្នូល នៃមេបដិវត្តន៍ពណ៌ ត្រូវក្តាប់វា កុំក្តាប់វាច្រើនពេក ក្តាប់ចំណុចស្នូល របស់វានៅក្នុងកន្លែងណាចំណុចស្នូលរបស់វា គឺធ្វើអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ចំណុចស្នូលពួកអាមេចោរ អាមេដើរផ្តួលរំលំគេ សម័យមុនសម័យលើកទ័ពចូលឈ្លានពាន សម័យចុងក្រោយនេះ គឺសម័យបដិវត្តន៍ពណ៌ ហើយអាមេបដិវត្តន៍ពណ៌របស់វា គឺដំបូងឡើយចាប់ផ្តើមធ្វើយ៉ាងម៉េចឱ្យមានអព្យាក្រឹក្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា សម្រាប់នៅកម្ពុជាគឺឱ្យអព្យាក្រឹត្យរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ គឺកម្លាំងប្រដាប់អាវុធការពារឱ្យដូចគ្នា ប៉ុន្តែ រវាងរាជរដ្ឋាភិបាល ជាមួយបក្សនយោបាយ អត់មានអព្យាក្រឹត្យទេ សូមកុំមកបំពានលើក្រសួងការពារជាតិ កុំទៅបំពានលើស្ថាប័នរបស់រដ្ឋ កុំចូលសាលាខេត្តផ្តេកផ្តាស់ កុំចូលទីស្តីការគណៈរដ្ឋមន្ត្រី និងកុំលុកលុយចូលរដ្ឋសភាជាដើម។

«អញ្ចឹងខ្ញុំសូមប្រាប់គន្លឹះ គន្លឹះរបស់មេបដិវត្តន៍ពណ៌ គឺគន្លឹះអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឯគន្លឹះនៃអ្នការពារប្រទេស ការពាររដ្ឋធម្មនុញ្ញ គឺត្រូវតែក្តាប់ឱ្យជាប់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ខ្ញុំប្រកាសថ្ងៃនេះឱ្យច្បាស់ឱ្យហើយ ប្រាប់ថាល្បិចទប់ទល់របស់ខ្ញុំ គឺខ្ញុំមានយុទ្ធសាស្ត្រទប់ទល់...! គន្លឹះរបស់វានៅពេលដែលមានធ្វើសកម្មភាពឱ្យកងទ័ព ឱ្យកម្លាំងប្រដាប់អាវុធ នៅទ្រឹងនេះជាគន្លឹះរបស់វា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា នៅក្នុងអំណាចរបស់សម្តេច ប្រសិនមេទ័ព ឬមេនគរបាលណា ដែលមិនធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តពណ៌ទេ នឹងត្រូវដកចេញភ្លាមៗ បើអនុក្រឹត្យត្រឹមតែរយៈពេលតែ៥នាទី ទៅ១៥នាទីប៉ុណ្ណោះ គឺត្រូវដកចោលតែម្តង រួមទាំងចៅហ្វាយខេត្តផងដែរ ក៏ដូចគ្នា។

បុរសរដ្ឋនាំសន្តិភាពជូនកម្ពុជា បានបន្ថែមទៀតថា៖ «បើគេដាច់ខាតត្រូវតែផ្តួលរំលំយើង យើងដាច់ខាតត្រូវតែកម្ទេចគេចោលវិញ យើងអត់មានជម្រើសទេ ប៉ុន្មានឆ្នាំហើយដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល អា២០១៣ គឺចង់ផ្តួលរំលំដាក់ទាំងផែនការ ថ្ងៃទី២៩ ខែធ្នូ ស្តាប់ទៅ មើលទាំងឃ្លីបបាតុកម្មត្រឡប់មកវិល ស្តាប់ទៅ (ហ៊ុន សែន) អើយចុះចេញទៅ ខណៈដែលសម្តេចនៅក្នុងអំណាចដែលទទួលបានពីការបោះឆ្នោត បែរជាក្រុមនេះទាមទារឱ្យសម្តេចចុះចេញពីអំណាច អញ្ចឹងមានន័យថាម៉េច?»

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ បានលើកឡើងថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឱ្យសម្តេចចុះចេញពីតំណែង ក្រោយពេលដែល គណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតដែលជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដូច្នេះ ការទាមទាតរបស់ក្រុមបាតុករទាំងនេះមានន័យថា ជាបដិវត្តន៍ពណ៌។ សម្តេចតេជោ ក៏បានចោទជាចម្ងល់ថា តើនៅលើពិភពលោក មានបាតុកម្មណាដែលនាំគ្នាធ្វើទាំងម៉ោង២ភ្លឺ ព្រមទាំងមានការរៀបចំបែងចែកស្បៀងអាហារទៀត ត្រង់ចំណុចនេះ តើចង់បានគោលដៅអ្វី? និយាយគ្នាឱ្យច្បាស់នៅត្រង់ចំណុចនេះ។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ទៅអនុព័ន្ធយោធារបស់បណ្តាជាមិត្តដែលមានវត្តនៅក្នុងប្រទេសកម្ពុជា យ៉ាងដាច់ណាត់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច គឺមិនបណ្តែតបណ្តោយឱ្យអ្នកណាធ្វើបដិវត្តន៍ពណ៌នៅលើទឹកដីកម្ពុជា ដ៏កម្សត់នោះទេ យើងស្គាល់រសជាតិនៃការឈឺចាប់នៃប្រទេសរបស់យើងដែលកើតសង្គ្រាម ហើយរដ្ឋាភិបាលភិបាលមិនធ្វេសប្រហែសចំពោះការគិតគូរទាំងឡាយ ទៅលើសន្តិសុខជាតិរបស់ខ្លួននោះទេ៕