(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកទៅកាន់មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលពុំមានធនធានយុវជនខ្លាំងដើម្បីបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានសម្តែងការអបអរសាទរប្រសិនបើក្រុមនេះ បង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីប្រកួតប្រជែង។

ទោះបីជានិយាយមិនចំឈ្មោះ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ទំនងជាសំដៅទៅកាន់ លោក សម រង្ស៉ី ដែលកំពុងធ្វើយុទ្ធនាការវាយប្រហារលើប្រជាប្រិយភាពរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីត្រូវបានគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បន្តពីសម្តេចតេជោ ហ៊ុន សែន។

ថ្លែងនៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការព្យាយាមរបស់ មេក្រុមប្រឆាំងក្រៅច្បាប់ ក្នុងការវាយប្រហារលើប្រជាប្រិយភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រៀបដូចជាមនុស្សចាស់ ព្យាយាមប្រកួតប្រជែងជាមួយកូនក្មេង។

សម្តេចបានលើកឧទាហរណ៍ថាករណីនេះ មិនខុសអំពីរឿងធញ្ជ័យ ត្រង់វគ្គនាយធញ្ជ័យ យកកូនដំរី ទៅជល់ជាមួយមេដំរីនោះទេ ហើយទីបំផុតមេដំរីខ្លាចកូនដំរីដែលចេះតែតាមបៅដោះ ហើយរត់ចាញ់ការភ្នាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖ «រឿងគេដាក់នរណាអាហ្នឹងជារឿងបក្សរបស់គេតើ អ្នកឯកដាក់មក ខ្ញុំអបអរសាទរនឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បីបន្តវេន ឱ្យចេញមកឱ្យអស់មក ឬអ្នកឯងគ្មានធនធានមនុស្សបន្ត»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់នេះ មិនមានថ្ងៃឈ្នះនោះទេ ហើយសម្តេចនឹងធ្វើឲ្យរូបគេរត់តាមក្រោយសម្តេច ហើយបន្តរត់តាមក្រោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៀតផង។

ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី បានលើកឡើងថា ខ្លួនបានត្រៀមចលនាយុវជនរួចរាល់ហើយសម្រាប់បន្តវេន ប៉ុន្តែបែរជានិយាយថាការត្រៀមនេះមិនបានជ្រើសរើសផ្លូវការ ឬប្រកួតប្រជែងនោះទេ គឺលោកគ្រាន់តែសម្គាល់ ទៅលើនរណាមានថ្វីដៃ និងថ្វីមាត់ ដែលអាចធ្វើការបានល្អប៉ុណ្ណោះ។ បន្ថែមពីនេះលោក សម រង្ស៉ី បែរជានិយាយថា អ្នកបន្តវេនរបស់ក្រុមប្រឆាំង មិនចាំបាច់នៅក្នុងគណបក្សប្រឆាំងនោះទេ គឺនៅក្នុងសង្គមស៊ីវិលទៅវិញ។

ការលើកឡើងរបស់ លោក សម រង្ស៉ី បែបនោះត្រូវបានអ្នកនយោបាយរិះគន់ថា ជាការលើកឡើងឱ្យរួចពីមាត់ដ៏រប៉ិលរប៉ូចរបស់លោកដែលគ្មានទិសដៅច្បាស់លាស់ប៉ុណ្ណោះ និងប្រហែលជាលោកមានភាពអៀនខ្មាស់ដែលខ្លួនជាមេដឹកនាំអាយុច្រើនតែខ្វះបទពិសោធន៍ ដោយមិនបានរៀបចំ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយបានល្អ ដូចគណបក្សប្រជាជនកម្ពុជា។

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្ស បានលើកឡើងថា ការព្យាយាមរិះគន់វាយប្រហារលោក ហ៊ុន ម៉ាណែត ដោយលោក សម រង្ស៉ី ជាការច្រណែន នឹងមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ លោកលើកឡើងថា «ការរិះគន់នេះគឺជាការច្រណែនឈ្នានីសមួយអំពីសមត្ថភាពអ្នកជំនាន់ថ្មី របស់អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាទំពាំងល្អ ដែលជាទំពាំងស្នងឫស្សី ដែលនឹងមានប្រសិទ្ធភាពក្លាយជាដើមឫស្សីល្អ ទៅជាឫស្សីមេនៃគុម្ភឫស្សីរបស់គណបក្សប្រជាជនកម្ពុជា»។

លោកបានបន្ថែមថា «ហើយក៏ជាការច្រណែនមួយដែរ ដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជាមានគោលដៅល្អស្នងតំណែង ស្នងការងារឪពុកបាន ហើយរៀនសូត្របានខ្ពង់ខ្ពស់មានសញ្ញាបត្រខ្ពង់ខ្ពស់ រៀនសូត្រដល់ក្រៅប្រទេសទទួលបានសញ្ញាបត្របណ្ឌិតពីសាលាអន្តរជាតិមកពីក្រៅប្រទេស»

សម្រាប់លោកសួន សេរីរដ្ឋា ធនធានយុវជនល្អៗរបស់គណបក្សប្រជាជនកម្ពុជា ដោយរាប់តាំងពីកូនរបស់ថ្នាក់ដឹកនាំ រហូតដល់កូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ គឺទទួលបានការរៀនសូត្រ ការបណ្តុះបណ្តាលបានខ្ពង់ខ្ពស់ ហើយមានតួនាទីបទពិសោធល្អៗ ទាំងនៅក្នុងកិច្ចការរដ្ឋ កិច្ចការសង្គម និងកិច្ចការឯកជន ដែលធ្វើការប្រកបដោយឆន្ទៈ ឧត្តមគតិ ដោយមើលឃើញអំពីតម្លៃ នៃប្រទេសដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ចំណែកធនធានយុវជនរបស់ក្រុមប្រឆាំងកន្លងមក គឺជាធនធានដែលឆ្លៀតឱកាសចង់ធ្វើធំ ដោយមិនចាំបាច់ឆ្លងកាត់កិច្ចការតូច ដែលពួកគេមិនបានយកសមត្ថភាព ការអប់រំជាសំខាន់ទេ ហើយតែងប្រើថ្វីមាត់រិះគន់ ជេរប្រទេចរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ដើម្បីទទួលបានឱកាសកាន់តួនាទីធំ នៅក្នុងបក្ស។ បន្ថែមលើនេះ កូនមេដឹកនាំក្រុមប្រឆាំងមួយចំនួនជាពិសេស លោក សម រង្ស៉ី តែម្តង គឺមាននិស្ស័យផ្សេងពីឪពុក ដោយពួកគេចង់ទៅបំពេញការងារផ្សេង បន្ទាប់ពីដឹងអំពីអំពើបោកប្រាស់របស់ឪពុកមកលើប្រជាពលរដ្ឋខ្មែរ៕