(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស (Technical Working Group-TWG) ។

តាមរយៈរបាយការណ៍វឌ្ឍនភាព កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១, ការអនុវត្តការងារ កែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម មានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិត ក្នុងស្ថានភាពមានវិបត្តិកូវីដ ១៩ ក៏ដោយ។

ជាក់ស្តែង, ការប្រមូលចំណូលសរុប ក្នុងរយៈពេល៩ខែ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល ស្មើនឹង៧៥% ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរបើធៀប នឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ការអនុវត្តចំណាយ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះ អនុវត្តបានប្រមាណ ៩៨% ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងថាការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ អាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧% ធៀបនឹងច្បាប់។

ការណ៍នេះ អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាព នៃការពង្រឹងភាពជឿទុកចិត្តនៃថវិកា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តល់ ឲ្យរាជរដ្ឋាភិបាលកម្ពុជា នូវភាពគ្រប់គ្រាន់នៃសាច់ប្រាក់ នៅក្នុងពេលមានវិបត្តិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ ក៏ដូចជាការបន្តនិរន្តរភាព ការងារប្រចាំថ្ងៃបានរលូន ។

ជាមួយគ្នានេះ, ដៃគូអភិវឌ្ឍន៍ ក៏បានអបអរសាទរដល់សមិទ្ធផលដែលសម្រេចបាន និងបង្ហាញពីឆន្ទៈចូលរួម និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណែទម្រង់ ប្រកបដោយចីរភាព។

ដៃគូអភិវឌ្ឍន៍ បានបង្ហាញគោលជំហរចូលរួមគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូលក្នុងស្រុក ក្នុងការគាំទ្រដល់ការស្តារឡើងវិញ ក្រោយវិបត្តិ ជំងឺកូវីដ-១៩, ចូលរួមក្នុងការបង្កើនចំណាយសង្គម, ចូលរួមគាំទ្រការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបៃតង (Green PFM) ដើម្បីគាំទ្រគោលនយោបាយ អាកាសធាតុវេទយិតភាព (Climate-Sensitive Policies) និងការគាំទ្របច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ និងភាគកម្មសាធារណៈជាដើម។

ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់ជាមតិយោបល់សំខាន់ៗ បន្ថែមជុំវិញការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ស្នើសុំការស្វែងយល់ពី ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩គឺ៖

ទី១៖ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និង
ទី២៖ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាព ទៅលើចំណុចចំនួន៣ដែលរួមមាន៖
១៖ ការស្តារឡើងវិញនូវវិស័យដែលរងការប៉ះពាល់ខ្លាំង,
២៖ ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ និង
៣៖ ការកសាងភាពធន់ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគៀរគររកធនធានបន្ថែមតាមរយៈ៖

១៖ ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដោយស្នើឲ្យដៃគូអភិវឌ្ឍន៍ពិនិត្យមើលលទ្ធភាពជាក់ស្តែង ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន និង ២៖ លទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀរគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្រាប់រយៈពេលមធ្យម និងវែង និងកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ក្នុងការជំរុញឲ្យមានការចូលរួម ពីវិស័យធនាគារដើម្បីធានាបាននូវសន្ននីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងរូបិយបណ្ណជាតិ៕