(កំពង់ឆ្នាំង)៖ នៅក្នុងពិធីឆ្លងឆ្នាំសកលថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ត្រៀមឆ្លងឈានចូលឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងរៀបចំកន្លែងប្រារព្ធពិធីលេងតន្ត្រី និងបាញ់កាំជ្រូចអប់អរឆ្លងឆ្នាំសកលចំនួន៣កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង២កន្លែង និងនៅក្នុងស្រុករលាប្អៀរ១កន្លែង (បឹងឈ្វាំង)។

លិខិតរបស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទីតាំងទី១ ទទួលខុសត្រូវដោយលោក អម សុភា អភិបាលរងខេត្ត នៅសួនកុមារមុខសាលាខេត្ត និងសួនដើមពោធិ៍ វិមានឯករាជ្យកណ្ដាលក្រុងកំពង់ឆ្នាំង រៀបចំតន្ត្រីសម័យ និងបាញ់កាំជ្រួចនៅក្នុងសាលាខេត្ត។

ទីតាំងទី២ ទទួលខុសត្រូវដោយលោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត រៀបចំប្រគំតន្ត្រីសម័យ និងបាញ់កាំជ្រូច នៅសួនច្បារសម្ដេចជហ្វាវាំងគង់សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ ទីតាំងទី៣ ទទួលខុសត្រូវដោយ លោក សាន់ យូ អភិបាលរងខេត្ត រៀបចំប្រគំតន្ត្រី និងបាញ់កាំ ជ្រួចនៅបឹងឈ្វាំង ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំងទាំង៣រូប មានភារកិច្ចដឹកនាំសម្របសម្រួលដោះស្រាយ និងរៀបចំទីតាំងប្រគុំតន្ត្រី បាញ់កាំជ្រួច រៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅឲ្យបានសប្បាយរីករាយ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត ដើម្បីអបអរឆ្លងឆ្នាំសកល ដោយត្រូវណែនាំអ្នកដែលចូលរួមត្រូវអនុវត្តនូវវិធានសុខាភិបាល ដើម្បីបង្ការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។

លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ បានឲ្យដឹងថា រមណីយ ដ្ឋានបឹងឈ្វាំង គឺជាបឹងធម្មជាតិស្តុបទឹកមួយកន្លែងមានទំហំ ៣០ហិកតា ដែលនៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារជាតិថ្នាក់កណ្ដាលចុះពង្រឹងខេត្តកំពង់ឆ្នាំង បានរៀបចំសួ នច្បារតាមមាត់បឹងនេះប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាលគួរជាទីមនោរម្យ ដែលជាតំបន់កម្សាន្តថ្មីមួយ លើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងកែប្រែជីវភាពប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត សូមអញ្ជើញចូលរួមអបអរក្នុងកម្មវិ ធីឆ្លងឆ្នាំសកល ដោយត្រូវចូលរួមរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់អនាម័យ និងបរិស្ថាន ឲ្យបានល្អ នៅតាមទីតាំងប្រារព្ធពិធីទាំង៣កន្លែងខាងលើនេះ និងត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ៕