(កំពង់ឆ្នាំង)៖ លោក ចេង ចាន់ដូណា ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុក ជំនួសលោក យឹម សារិន ដែលត្រូវបានផ្លាស់ឲ្យទៅបម្រើការងារនៅរដ្ឋបាល ខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្ត។

ពិធីនេះបានរៀបចំនៅសាលាស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាស្រុក រួមទាំងមន្ត្រីរាជការបំរើការនៅក្នុងសាលាស្រុក រួមនិងអាជ្ញាធរភូមិឃុំ ចំណុះឲ្យស្រុកបរិបូណ៌ សរុបប្រមាណ៧០នាក់។

បន្ទាប់ពីតំណាងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ឡើងអានអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលរួចមក លោក ចេង ចាន់ដូណា ដែលត្រូវបានតែងតាំងជាអភិបាលស្រុកបរិបូរណ៍ថ្មី បានអញ្ជើញឡើងប្ដេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតី និងអ្នកចូលរួមជិះច្រើននាក់។ លោកបានសន្យាថានឹងខិតខំយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ពិសេសខិតខំអនុវត្តតាមតាណែនាំបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានជាដាច់ខាត។

ក្នុងឱកាសនោះដែរលោក អម សុភា បានណែនាំដល់លោកអភិបាលស្រុកបរិបូណ៌ថ្មី ត្រូវប្ដេជ្ញាចិត្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវគោរពតាមការណែនាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងស្រុកបរិបូណ៌ និងសហការជិតស្និទ្ធជាមួយស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិ ភាព សេ្ថរភាព និងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន និងនៅរាល់បទល្មើសផ្សេងៗ ដូចជាការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម និងត្រូវខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានចេញអនុក្រឹត្យតែងតាំងលោក ចេង ចាន់ដូណា ជាអភិបាលស្រុកបរិបូណ៌ ចំណែកលោក យឹម សារិន ឲ្យទៅបម្រើការងារនៅរដ្ឋបាល ខេត្តកំពង់ឆ្នាំងវិញ៕