(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា បញ្ហាកូវីដ១៩ មិនបានធ្វើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រអាក់រអួលនោះទេ ថែមទាំងឲ្យស្ថានភាពក្នុងមណ្ឌលប្រឡងល្អជាងឆ្នាំមុនៗ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន ក្រោយបិទបញ្ចប់ការប្រឡងបាក់ឌុប ដែលបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្រួយបារម្ភកន្លងមកនេះ ដែលយើងព្រួយបារម្ភខ្លាចថា ការប្រឡងអាចបង្កើតឲ្យមានបញ្ហាផ្សេងៗ ជាពិសេសយើងខ្លាចថា ភាពរអាក់រអួលនៃជំងឺកូវីដ គឺមិនមានកើតឡើងនោះទេ។ ការមិនមានបញ្ហានេះ ដោយសារតែការដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការលើកកម្ពស់វិធានការសុខាភិបាល ៣កុំ ៣ការពារ គឺបង្កលក្ខណៈឲ្យការប្រឡងលើកនេះ ដំណើរការល្អជាងឆ្នាំមុនៗ»

គូសបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់។

នៅមុនដំណើរការសំណេរមួយថ្ងៃ បេក្ខជនប្រឡងបានទៅពិនិត្យឈ្មោះ ព័ត៌មានផ្ទាល់ខ្លួន លេខតុ លេខបន្ទប់ និងជាពិសេសបានវាស់កម្តៅ និងទទួលស្ទីកឃ័រ សុខភាពធម្មតា។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

បេក្ខជនមានបញ្ហាសុខភាពចំនួន ៣៦នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់, បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឲ្យប្រឡង នៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់, និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន៣១នាក់។

ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡង រហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ។

តាមការគ្រោងទុកលទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ៕