(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងនៃការដ្ឋានសាងសង់ទីលានគ្រប់គ្រងសំណល់រឹង ក្រុងពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការសាងសង់ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ចាប នាង អភិបាលអភិបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា អនុគម្រោងទី២ ទីលានទុកដាក់សម្រាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាកម្ចីសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ១លាន និង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលទទួលការសាងសង់ដោយក្រុមហ៊ុន អ៉ឹង ស៊ឹមស៊ា ខនស្ត្រាក់សិន លើផ្ទៃដីប្រមាណជាង១៥ហិកតា ចាប់អនុវត្តតាំងពីខែមេសា ឆ្នាំ២០២០កន្លងទៅ រហូតមកទល់បច្ចុប្បន្ន សម្រេចការងារបានប្រមាណ ៩៨.០៥%ហើយ (ការងារដើម+ការងារបន្ថែមលើកទីមួយ+ការងារបន្ថែមលើកទីពីរ)។

លោកអភិបាលក្រុងពោធិ៍សាត់បន្តថា សកម្មភាពសាងសង់សំខាន់ៗ ដែលសម្រេចបានរួមមាន៖ «ផ្លូវចូលទីលាន ១០០%, ផ្លូវខាងក្នុងទីលាន ១០០%, របងថ្មីព័ទ្ធជុំវិញការដ្ឋាន ១០០%, រណ្តៅទុកដាក់សំរាមទីមួយ និងទីពីរ ១០០%, អគាររដ្ឋបាល ១០០%, ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់(ភក់) ៧០%, ប្រព័ន្ធប្រមូលចូលអាងចម្រោះទឹករងៃ ១០០%, អាងចម្រោះទឹករងៃ២កន្លែង ១០០%, ដាំដើមឈើ និងការផ្គត់ផ្គង់ថាមពល ដាក់បង្គោលភ្លើង ១០០%, ស្រះបំលែងក្លិនទឹកជាដំណាក់ៗ ដោយដាំរុក្ខជាតិជំនួយមុនបង្ហូរចូលទៅចំរោះក្នុងដី ៨១% និងអាងចម្រោះទឹកដែលហូរពីស្រះបំលែងដោយរុក្ខជាតិ និងព្លឺថ្ងៃ (SOAKAWAY) ១០០%, ច្រកទ្វារចេញចូល និងផ្លាកការដ្ឋាន ៥០%, កន្លែងថ្លែងរថយន្តដឹកសំរាមមុនចាក់ចូលរណ្តៅ ៤៤.៥២% និងអគារស្នាក់នៅ របស់កម្មករប្រមូលសំរាម និងទុកដាក់របស់រឹងបណ្តោះអាសន្ន ៥.៨១%»

លោកអភិបាលខេត្តពោធិ៍សាត់ បានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែងទុកដាក់ និងចាក់សំរាម គឺជាជំងឺសង្គមដ៏សំខាន់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែជំរុញ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានទីក្រុង និងទីប្រជុំជន បានកាន់តែល្អប្រសើរ។ ដោយឡែកសម្រាប់ទីក្រុងពោធិ៍សាត់បច្ចុប្បន្ន បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឱ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ទៅថ្ងៃអនាគត។

ក្នុងនាមអភិបាលខេត្តដែលទើបទទួលបានមុខតំណែងថ្មីលោក ជាវ តាយ ក៏បានណែនាំឱ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយក្រុមហ៊ុនម៉ៅការឱ្យបានល្អ ដើម្បីឱ្យដំណើរការនៃការកសាងគម្រោង ទីលានគ្រប់គ្រងសំណល់រឹងនេះ បានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន ក្នុងក្រុងពោធិ៍សាត់ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕