(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា រយ:ពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជា គ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនចំនួន១៣៧៣៦នាក់ ក្នុងនោះមន្រ្តីរាជការមានចំនួន២.២៤ភាគរយ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និងផលិតផលថ្នាំជក់ និងជំងឺរាតត្បាតកូវីដ១៩ ដល់មន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។

ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីលោក ស៊ិន សារ៉ាឌី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អនុប្រធាន តំណាងលោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាល។

ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈពិតជាបញ្រ្ជាបបាននូវចំណេះដឹង និងចូលរួមកាន់តែសកម្មភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលិតផលថ្នាំជក់ ដើម្បីសុខភាពខ្លួនឯងក្រុមគ្រួសារ និងសុវត្ថិភាពសហគមន៍។

ក្នុងឱកាសនោះលោក ស៊ិន សារ៉ាឌី បានថ្លែងអំណរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការចូលរួមជួយក្នុងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនេះ ព្រោះថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលត្រូវតែមូលមតិគ្នាជួយតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាចូលរួមរក្សាឲ្យបាននូវសុខភាពល្អ ជូនប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត សហគមន៍មានសុវត្ថិភាព គ្មានបញ្ហាគ្រឿងញៀន គ្មានបញ្ហាថ្នាំជក់ និងគ្មានបញ្ហាជំងឺរាតត្បាតកូវីដ-១៩៕