(កំពង់ចាម)៖ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានលើកទឹកចិត្តដល់សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ឲ្យបន្តលើកកម្ពស់គុណភាពការងារ និងពង្រឹងពង្រីកប្រសិទ្ធភាពការងារ នៅតាមមូលដ្ឋាន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២» របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំគ្រប់គ្រង និងស្មារតី ទទួលខុសត្រូវសម្រាប់ការអនុវត្តការងាររបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក គ្រឹះស្ថានសិក្សានានា ក្នុងខេត្តនិងសមាជិកសមាជិកាទាំងអស់ នៃក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាធ្វើសកម្មភាពជាច្រើន ជាមួយនឹងការលះបង់ធំធេងដើម្បីជាការរួម ចំណែក នៃការការពារ សុខុមាលភាពរបស់ប្រជាជនពិសេសក្នុងគ្រាដ៏លំបាកនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានបន្តថា ក្រៅពីការងារកូវីដ-១៩ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា យើងក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានា ជនមានពិការភាព ការចូលរួមលើកកម្ពស់បរិស្ថានតាមរយៈការដាំដើមឈើ ការចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការងារអភិវឌ្ឍសមត្ថភាពយុវជននានាជាដើម។

លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត សម្រាប់ការងារដឹកនាំចាត់ចែងគ្រប់គ្រង និងចាត់តាំងអនុវត្ត លើការងាររដ្ឋបាលដែនដី និងក្រោមការដឹកនាំរបស់លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ ២០២១ នេះ សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្ត មិនបានរាថយពីការងារជួយប្រជាពលរដ្ឋ ឱ្យចៀសផុតពីជំងឺកូវីដ-១៩ឡើយ ពោល គឺបានចូលរួមចំណែកក្នុងគ្រប់រូបភាព ដែលខ្លួនអាចធ្វើបាន ដើម្បីពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានគ្រប់ច្រកល្ហកឱ្យចេះអនុវត្តនូវវិធានសុខាភិបាល «៣កុំ និង៣ការពារ» របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលរួមក្នុងកិច្ចការផ្សេងៗ ដែលពាក់ព័ន្ធ នឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដូចជាការជួយចាត់ចែងក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺវីដ-១៩ ការជួយរៀបចំ មន្ទីរពេទ្យព្យាបាល ជាដើម។

លោក គីម រិទ្ធី បានយកឱកាសនោះថ្លែងអំណរគុណ ចំពោះទឹកចិត្ត ស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជា យុវជន និងជាពលរដ្ឋល្អសម្រាប់សហគមន៍ដែលខ្លួនរស់នៅ និងសម្រាប់សង្គមជាតិដែលខ្លួនស្រឡាញ់។ នៅក្នុងពេល វេលាដែលយើងកំពុងនៅនេះ ប្រទេសកម្ពុជា ត្រូវបានបើកដំណើរការឡើងវិញជាបណ្តើរៗហើយ ខណៈប្រទេសជាច្រើន នៅក្នុងពិភពលោកកំពុងព្រួយបារម្ភអំពីការហានីភ័យនៃការឆ្លងជំងឺកូវីដ-១៩ ។ នេះគឺជាសញ្ញាវិជ្ជមានមួយក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដោយត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលដែលការ ប្រតិបត្តិបែបនេះ នឹងអនុញ្ញាតឱ្យយើងអាចវិលទៅរកភាពប្រក្រតីឡើងវិញផងដែរ។

ទន្ទឹមនឹងនេះដែរ សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ថ្នាក់ក្នុងខេត្ត អាចបន្តលើកកម្ពស់គុណភាពការងារ និងពង្រឹងពង្រីកប្រសិទ្ធភាពការងារ នៅតាមមូលដ្ឋាន ជាពិសេសជាមួយប្រជាជន មហាជនឲ្យបានកាន់តែល្អប្រសើរ ថែមទៀតក្នុងឆ្នាំ២០២២៕