(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំការប្រឡងវគ្គបណ្តុះបណ្តាល NBC-FSI Connect លើកទី៤០ តាមប្រព័ន្ធអនឡាញ។

សម្រាប់ការប្រឡងវគ្គបណ្តុះបណ្តាល NBC-FSI Connect លើកទី៤០នេះ រៀបចំឡើងក្រោមការត្រួតពិនិត្យផ្ទាល់ដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ សម្រាប់ការប្រឡងវគ្គបណ្តុះបណ្តាល NBC-FSI Connect មានសិក្ខាកាមចូលរួមចំនួន៥០រូប ក្នុងនោះមានមន្ត្រីចំនួន១៧រូប បានប្រឡងបញ្ចប់កម្រិតខ្ពស់ និងមន្ត្រីចំនួន១៨រូប បានប្រឡងបញ្ចប់កម្រិតមធ្យម និង១៥ រូបបានប្រឡងបញ្ចប់កម្រិតបឋម។

សូមជម្រាបថា គិតចាប់ពីការបង្កើតមកដល់បច្ចុប្បន្ន វគ្គសិក្សានេះមាន៥ជំនាន់ និងមានសិក្ខាកាមសរុបចំនួន៣៣៥រូប។ វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ រៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០នៅលើពិភពលោក៕