(បន្ទាយមានជ័យ)៖ កម្លាំងយោធាថៃ នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិថៃចំនួន៥នាក់ ដែលបម្រុងលួចឆ្លងដែនមកប្រទេសកម្ពុជា ដើម្បីធ្វើការនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកនៅថ្ងៃតែមួយកម្លាំងយោថៃ ក៏បានឃាត់ខ្លួនពលករខ្មែរចំនួន១០នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ផងដែរ។

ករណីឃាត់ខ្លួនជនជាតិថៃ និងជាតិខ្មែរសរុបចំនួន១៥នាក់នេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ តាមច្រករបៀងដោយខុសច្បាប់ ក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនទល់ជាមួយខេត្តបន្ទាយមានជ័យ នៅពេលដែលកម្លាំងយោធាដៃ បានចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

សមត្ថកិច្ចយោធាថៃ ប្រាណអង្គភាពទី១២ បានប្រាប់សមត្ថកិច្ចខ្មែរ ឱ្យដឹងថា «ពេលដែលពលករបម្រុងទៅរកការងារធ្វើនៅប្រទេសថៃ ទាំងប្រថុយប្រថាននោះវាគ្រោះថ្នាក់ដល់អាយុជីវិត ខ្លាំងណាស់ អាចចាញ់បោកមេខ្យល់ អស់លុយប្រហែលជាប់ទាំងគុកទៀត ព្រោះនៅតាមព្រំដែនខ្មែរ ថៃនោះសមត្ថកិច្ចថៃ គេយាមច្រើនកន្លែងណាស់»។

សមត្ថកិច្ចយោធាថៃ បានបញ្ជាក់ថា ពលករដែលក្រុមខ្លួនបានចាប់នោះមានចំនួន១០នាក់ ក្នុងនោះមានប្រុសចំនួន៦នាក់ និងស្រីចំនួន៤នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ នៅពេលសមត្ថកិច្ច សួរនាំពលរដ្ឋខ្មែរទាំង ១០នាក់ នោះពលករបានប្រាប់ថា គាត់ធ្វើដំណើរមកពីខេត្តកំពង់ចាម និងកំពង់ធំ មានបំណងធ្វើដំណើរទៅធ្វើការនៅក្នុងខេត្តប៉ះធំថានី និងខេត្តស្រះកែវ ដើម្បីស្វែងរកការងារធ្វើឆ្លងចូលដល់ដីថៃ ទើបសមត្ថកិច្ចថៃ ឃុំខ្លួនយកទៅសួរនាំ និងបញ្ជូនទៅឱ្យមន្ត្រីជំនាញ ស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។

សមត្ថកិច្ចការពារព្រំដែនថៃ បានបន្តថា នៅពេលជាមួយគ្នានេះ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតឃ្លាំមើល និងត្រួតពិនិត្យតំបន់ ដែលទទួលខុសត្រូវក៏បានប្រទះឃើញបុរសជនជាតិថៃ កំពុងលួចឆ្លងដែន តាមច្រករបៀង ធ្វើដំណើរចូលទៅទឹកដីកម្ពុជា ចំនួន៥នាក់ នៅបរិវេណភូមិខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រកែវ សមត្ថកិច្ចបានសួរនាំទើបដឹងថា បុរសជនជាតិថៃទាំង៥នាក់ ធ្វើដំណើរមកពីទីក្រុងបាងកក មានបំណងធ្វើដំណើរមកធ្វើការនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទើបសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនទៅឱ្យជំនាញសមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្តផងដែរ៕