(បាត់ដំបង)៖ នារសៀលថ្ងៃទី២២ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរង​នគរបាលជាតិ សមាជិកគណៈកម្មាធិការក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង  បាននាំអំណោយជាថវិកា និងអង្ករសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន៣លាន១សែន៥ម៉ឺនរៀល និងអង្ករជិត​២តោន​ជូននិវត្ត​ជន និងក្រុមគ្រួសារពិការ អ្នកពលី មរណៈប្រមាណ៦៣នាក់ ដែលអញ្ជើញមក​ពីបណ្តាភូមិនានា​ក្នុងឃុំអូរតាគីស្រុកថ្មគោល។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បាននាំជាថវិកាចំនួន​៣លាន១សែន៥ម៉ឺនរៀល និងអង្ករជិត២តោនយកចែក​ជូនដល់ដៃនិវត្តជនទាំងអស់​មាន៦៣នាក់ ក្នុងនោះមានអតីតជាគ្រូបង្រៀន បុគ្គលិកពេទ្យ មន្រ្តីរាជការកងកម្លាំងរាជអាវុធហត្ថ នគរបាល ក្រុមគ្រួសារពលី ពិការ ដែលមកពីបណ្តាភូមិនានាក្នុងឃុំអូរតាគីស្រុកថ្មគោល។ ក្នុងឱកាសនាំអំណោយចុះសាកសួរសុខទុក្ខនិវត្តជន មានជាថវិកា និងអង្ករចែក​ជូននាពេលនេះ លោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ទៅជម្រាប​ជូនពួកគាត់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាពរស់​នៅរបស់បងប្អូន​ប្រជាពលរដ្ឋ​យើងជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់ថ្នាក់ដឹកនាំកំពូល គឺនៅទីណាមានទុក្ខលំបាក គឺតែងមានមុខក្រុមការងារថ្នាក់​ជាតិរង់ចាំជួយ​ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានយើង​ជានិច្ចដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ»

នាយឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់និវត្តជន ដែលបានអញ្ជើញមកនាពេលនេះថា កូនចៅជំនាន់ក្រោយតែងតែដឹងគុណជានិច្ច ដល់រៀមច្បងជំនាន់មុនដែលបានលះ​បង់ទាំងកម្លាំងកាយចិត្តធ្វើការ​ដោយលំបាក និងបានបន្សល់នូវស្នាដៃល្អនានាជាច្រើនដល់កូនចៅជំនាន់ក្រោយធ្វើបន្ត និងបម្រើដល់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានព្រមទាំង​បានរក្សាទុកនូវសមិទ្ធិផល​ទាំងអស់ដែលបាន​បន្សល់ទុកនូវ​ស្នា​ដៃចាស់ៗ​ជំនាន់មុនឲ្យបាននៅគង់វង្សយូរអង្វែងតទៅ។ និវត្តជនទាំងអស់ ដែលទទួលបានជាអំណោយថវិកានិងអង្ករពីសម្តេចក្រឡាហោម ស ខេង តាមរយៈលោក ប្រធានក្រុមការងារ ថ្នាក់ជាតិនិង​បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និង សម្ភារៈចែកជូនដល់ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយ​ណាឡើយ។

លោកបានបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូននាពេលនេះមានជាថវិកានិងអង្ករជាអំណោយសម្តេចក្រឡាហោម ស ខេង បានចែកជូននិវត្តជនទាំង៦៣នាក់ ក្នុងម្នាក់ៗ ទទួលបាន​អង្ករ​៣០គីឡូក្រាមនិងថវិកា ៥​ម៉ឺនរៀលផងដែរ៕