(កំពង់ស្ពឺ)៖ យោងតាមរបាយការណ៍ របស់អភិបាលក្រុងច្បារមន លោកស្រី ប៉ោក សេដ្ឋា បានបង្ហាញថា មូលហេតុដែលនាំមានគ្រោះអគ្គិភ័យ ឆេះរោងចាស់នៅក្នុងបរិវេណអធិការដ្ឋាន នគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺនោះ គឺបណ្តាលមកពីផ្ទុះគីបគ្រាប់ ដោយសារកំដៅខ្លាំងពេក។ យោងតាមរបាយការណ៍របស់លោកស្រី អភិបាលក្រុងច្បារមន ដែលផ្ញើជូនអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «តាមការសន្និដ្ឋាន អំពីមូលហេតុ អាចបង្កមកពីគីបផ្ទុះ ដោយសាររងនូវកំដៅថ្ងៃខ្លាំង ពីព្រោះអាគារនេះជាឃ្លាំងចាស់»

បើយោងតាមរបាយការណ៍ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១២៖២០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដោយបានបំផ្លាញអាគារចាស់ទុកចោល មានទំហំ8គុណ12ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ដែលឆេះបំផ្លាញទាំងស្រុងតែម្តង។

សម្រាប់របាយការណ៍របស់អភិបាលក្រុងច្បារមន ខាងលើនេះ បានបង្ហាញឲ្យឃើញថា ផ្ទុយទាំងស្រុងចំពោះការលើកឡើងរបស់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក កែវ ពិសី ដែលលោកថា មិនមែនមកពីផ្ទុះគ្រាប់នោះទេ ហើយប្រាប់ថា លោកមិនដឹងទេ។

ជាមួយគ្នានេះ គ្រាន់តែ Fresh News ចេញពីព័ត៌មានពីការព្រមានលើការផ្សាយរបស់លោកស្នងការភ្លាម ស្រាប់តែមន្រ្តីនគរបាលខេត្តកំពង់ស្ពឺមួយចំនួន សុទ្ធតែមានតំណែងធំៗ នៅក្នុងស្នងការដ្ឋាននោះផងដែរ បានតេមកសហការី Fresh News ដោយអះអាងថា យ៉ាប់ណាស់ស្នងការហ្នឹង! ទៅតវ៉ាស្អីជាមួយព័ត៌មាន គេផ្សាយត្រូវ បើខ្លួនឯងជួយពន្លត់មិនទាន់ទៅបន្ទោសគេផ្សាយ។ គ្មាននរណាគេពេញចិត្តគាត់ទេ ធ្វើអីឆ្កួតៗ។

លោកស្នងការរងខេត្តកំពង់ស្ពឺមួួយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ Fresh News មុននេះបន្តិចថា ពិតមានការករណីផ្ទះឆេះដោយសារគ្រាប់គីបមែន ហើយរថយន្តពន្លត់អគ្គិភ័យទៅមិនទាន់។ 

នៅថ្ងៃមិញ នៅពេលចេញមកបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតស្តីពីករណីភ្លើងឆេះនេះ លោកស្នងការខេត្តកំពង់ស្ពឺ ដែលប្រើសម្តីមួយៗ និងខ្លាំងៗ ក៏បានព្រមានដល់អង្គភាព Fresh News កុំផ្សាយរបៀបក្លែមច្រើនពេក នាំឲ្យមានចលាចលសង្គម ហើយជាងនេះទៅទៀតនោះ គឺលោកស្នងការ បានប្រាប់ឲ្យសហការីរបស់ Fresh News ប្រចាំខេត្តកំពង់ស្ពឺ រាយការណ៍ពីព័ត៌មាននេះ តេទៅសុំទោសគាត់ទៀតផង។

លោកស្នងការរូបនេះ ក៏បានប្រាប់មក Fresh News ថា រឿងចឹងៗ ក៏យកទៅផ្សាយ ហើយត្រូវតេទៅសួរនាំគាត់សិន។ ចំពោះការប្រើពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ កែវ ពិសី ខាងលើនេះ ត្រូវបានគេយល់ឃើញថា ត្រឹមរឿងរ៉ាវបែបនេះលោកស្នងការ ច្រឡោតយ៉ាងនេះទៅហើយ ចុះទំរាំការបម្រើប្រជាជនតាមមូលដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តើទៅជាយ៉ាងណាវិញ៕