(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានស្នើដល់ធនាគារ និងស្ថាប័ន្ថមីក្រូហិរញ្ញាវត្ថុទាំងអស់នៅក្នុងខេត្ត សូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី ការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ ការចរចា និងពន្យារពេលជូនប្រជាជនចៀសវាងការប៉ះពាល់លើទ្រព្យរបស់ពួកគាត់។

ការស្នើសុំនេះ ខណៈលោក វ៉ា ថន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលជួបសំណេះសំណាលសំដែងការគួរសម។

លោក វ៉ា ថន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ។

ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាពពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា៖

*រក្សាស្ថិរភាពថ្លៃ អត្រាប្តូរប្រាក់ និងបង្កើនទុនបម្រុង
*អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត
*ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យជាដើម
*អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ។

លោកបន្តទៀតថា វិស័យឯកជន និងប្រជាជនជាដៃគូរ និងកម្លាំង នៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយនិងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល កម្ពុជា៕