(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជាទូទៅការប្រឡងវិញ្ញាសាទី១ បានបញ្ចប់ដោយរលូនល្អ សន្តិសុខសណ្តាប់មិនមានអ្វីគួរឲ្យគត់ស្គាល់នោះទេ។

ជាមួយគ្នានេះ កីឡាការិនីការ៉ាត់តេដូ ២រូបដែលវិជ្ជមានកូវីដ-១៩ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រឡងបាក់ឌុប ក៏បានដំណើរការប្រឡងដូចគ្នាទៅបេក្ខជនផ្សេងៗទៀតផងដែរ។ ពួកគេទាំង២នាក់ ចូលរួមប្រឡងនៅមណ្ឌលព្យាបាលកូវីដ-១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

សូមជម្រាបថា បេក្ខជនដែលវិជ្ជមានទាំង២រូប ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាល បានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕