(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ (Khmer Enterprise) និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួម និងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «សហគ្រិនភាព ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចម្អិនម្ហូបអាហារ» សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ទេសចរណ៍ធម្មជាតិចង្រ្កានរយ ក្នុងខេត្តសៀមរាប។

ពិធីនេះដែរធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង លោក ធិននី វិធូ អភិបាលស្រុកវ៉ារិន។

សិក្ខាកាមដែលបានចូលរួម និងបញ្ចប់វគ្គបណ្តុះបណ្តាលទាំង២នេះ មានចំនួន ៦៥នាក់ ក្នុងនោះ ៣៤នាក់ មកពីសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ជុំវិញ ដូចជាសហគមន៍អេកូទេសចរណ៍ចាន់សជើង សហគមន៍អេកូទេសចរណ៍ចាន់សត្បូង និងសហគមន៍ទេសចរណ៍ត្រាវកុដ និង៣១នាក់ មកពីសហគមន៍សហគមន៍ទេសចរណ៍ធម្មជាតិចង្រ្កានរយ។ ព្រមជាមួយការចែកវិញ្ញាបនបត្រ គណៈអធិបតីក៏បានប្រគល់ប៉ាណូចង្អុលបង្ហាញទីតាំងជូនប្រធានសហគមន៍ទាំងពីរ ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ និងឧបត្ថម្ភថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ។

លើកឡើងនាឱកាសនោះលោក តុប សុភ័ក ក៏បានពាំនាំនូវការសួរសុខទុក្ខរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជូនចំពោះប្រជាសហគមន៍ និងផ្តាំផ្ញើឲ្យប្រជាសហគមន៍ ដែល បានទទួលវគ្គបណ្តុះបណ្តាលទាំង២នេះ យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាពសេវា និងផលិតផលទេសចរណ៍ បង្កើនទំនុកចិត្តភ្ញៀវទេសចរ ស្របពេលដែលខេត្តសៀមរាបបានកំពុងយកបានមកវិញនូវចរន្តភ្ញៀវទេសចរផ្ទៃក្នុង។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់សហគ្រិន ខ្មែរ ដែលមានលោក វង្សី វិស្សុត ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព និងមានលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ជានាយកប្រតិបត្តិ ដែលបានគាំទ្រថវិកាដល់ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់សហគមន៍ទាំង២ រួមទាំងសហគមន៍ ៣ ផ្សេងទៀត ដែលនៅសេសសល់ និងការងារផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពនៅមូលដ្ឋាន ពិសេសជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សហគមន៍ដែលបានកំណត់ក្នុងគម្រោងនៃកិច្ចសហការនេះ។

សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក៏បានថ្លែងអរគុណដល់ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលបានចុះមកផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ដល់ប្រជាសហគមន៍ រួមជាមួយការងារដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។

គួរបញ្ជាក់ថាក្រសួងទេសចរណ៍ បានចុះអនុស្សារណៈយោគយល់ជាមួយសហគ្រិន ខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលមានលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ថោង ខុន ដោយផ្តោតលើ «ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩» ដើម្បីជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗចំនួន៥ រួមមានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ទេសចរណ៍ចង្រ្កាន្តរយក្នុងខេត្តសៀមរាប សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំក្នុងខេត្តបាត់ដំបង សហគមន៍ទេសចរណ៍រាំងខ្វាវក្នុងខេត្តពោធិសាត់ និងសហគមន៍ទេសចរណ៍ស្រែអំពិលក្នុងខេត្តបាត់ដំបង៕