(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានចូលកាត់វិញ្ញាសាលើវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៅមណ្ឌលប្រឡងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

តាមរបាយការណ៍របស់សាលាភូមិន្ទរដ្ឋបាល ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន២៤៣២អង្គ/នាក់ ដោយត្រូវបានបែងចែកជា៧អគារ ស្មើនឹង៧៩បន្ទប់ ហើយការប្រឡងលើវិញ្ញាសារសរសេរលើកទី១ នាថ្ងៃរសៀលថ្ងៃទី២៦ ខែធ្នូនេះ រួមមាន ភាសារបារាំង ឬអង់គ្លេសមានរយៈពេល១ម៉ោង៣០នាទី (ចាប់ពីម៉ោង១ដល់ម៉ោង២៖៣០នាទីរសៀល) និងសំណួរពហុចម្លើយមានរយៈពេល២ម៉ោង (ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច)។

លោក យក់ ប៊ុនណា បានបញ្ជាក់ថា ក្នុងការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ជាពិសេសសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងត្រឹមត្រូវបំផុត ដោយបានរៀបចំកិច្ចប្រជុំលើសេចក្ដីសម្រេចស្ដីពីការតែងតាំងប្រធានមណ្ឌល និងអនុគណៈកម្មការនានាសម្រាប់ការប្រឡងនេះ ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក-លោកស្រីដែលជាប្រធាន-អនុប្រធាន សមាជិក-សមាជិកានៃអនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យនានាផងដែរ។

លោករដ្ឋលេខាធិការប្រចាំការបានបន្តថា ក្នុងការប្រឡងនេះ ចំពោះវិញ្ញាសារនីមួយៗគឺបានរៀបចំធ្វើឡើងភ្លាមៗតែម្តង ដោយមិនមានការធ្វើទុកមុនឡើយ ហើយក្នុងដំណើរការនៃការរៀបចំចងក្រងធ្វើវិញ្ញាសារនេះ ក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

នាឱកាសនោះ លោក យក់ ប៊ុនណា បានណែនាំដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពនូវរាល់ចំណេះដឹងដែលខ្លួនមាន ជាពិសេសមុននឹងចាប់ផ្តើមឆ្លើយសំណួរ ត្រូវពិនិត្យពិចារណាឲ្យបានល្អិតល្អន់នូវរាល់ខ្លឹមសារនៃសំណួរ មុននឹងចាប់ផ្តើមឆ្លើយសំណួរ ជៀសវៀងការឆ្លើយខុស ធ្វើឲ្យខាតបង់ពេលវេលានៃការប្រឡងរបស់ខ្លួន។

នៅចំពោះមុខបេក្ខជនដែលមានវត្តមានក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ លោក យក់ ប៊ុនណា បានអះអាងថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នាថ្ងៃនេះ គឺធ្វើឡើងដោយភាពសុក្រឹត្យ ត្រឹមត្រូវ និងយុត្តិធម៌បំផុតសម្រាប់បេក្ខជនដែលចូលរួមនៅក្នុងការប្រឡង ដោយនៅក្នុងដំណាក់កាលនីមួយនៃការប្រឡង ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលនៃការប្រកាសលទ្ធផលចុងក្រោយ គឺសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញអង្គភាពប្រឆាំងអំពើពុករលួយ តំណាងមកពីសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា មកចូលរួមសង្កេតការណ៍ផងដែរ។ ដូច្នេះ នៅក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នេះ បេក្ខជនដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាប់ ហើយមានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសារសរសេរលើកទី១តែប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលរួមប្រឡងលើវិញ្ញាសាសរសេរលើកទី២៕