(​សេ​អ៊ូ​ល​)៖ រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ ពេល​កំពុង​ធ្វើដំណើរ​នៅក្បែរ ទីក្រុង Yeosu ភាគ​ខាងត្បូង​ប្រទេស ដែល​បាន​បណ្តាល​ឲ្យ​វិស្វករ ជំនាញ​ម្នាក់​ស្លាប់ និង ០៨​នាក់​ទៀត​រងរបួស​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច របស់​សារព័ត៌មាន Channel News Asia នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១៦​។​

​រថភ្លើង​ខាងលើនេះ មាន​ទូ​រដាក់​អ្នកដំណើរ​ចំនួន ០៧ បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅត្រង់​ចំណុច​ផ្លូវ រថភ្លើង​ដែល​គេ​កំពុងតែ​ជួសជុល នៅក្បែរ​ស្ថានីយ៍ Yulchon ចម្ងាយ ៣៥០​គីឡូម៉ែត្រ នៃ​ភាគខាងត្បូង ទីក្រុង​សេ​អ៊ូ​ល​។ យ៉ាងណាក៏ដោយ នៅលើ​រថភ្លើង​នោះ​មាន​តែ​មនុស្ស ២៧​នាក់​ប៉ុណ្ណោះ ដែល​បាន​ធ្វើដំណើ​រទាំង ពេល​ទៀបភ្លឺ ហើយ​ពេល​គ្រោះថ្នាក់​នោះ​គឺ​ម៉ោង ៣៖៤០​នាទី​៕​