(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កិច្ចព្រមព្រៀងអាសិប ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឲ្យចាប់ផ្តើមការចរចា ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ និងគ្របដណ្តប់៖
១៖ ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក
២៖ ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង
៣៖ ទំហំពាណិជ្ជកម្មចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧.៣% វិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះ លើទំនិញសំខាន់ៗជាច្រើន៕

ខាងក្រោមនេះ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុង៖