(ភ្នំពេញ)៖ វេទិកាជាតិការងារ និងមុខរបរប្រកបដោយបរិយាបន្ន សម្រាប់ជនមានពិការភាព នឹងដើរតួនាទីជាយន្តការរួមសម្រាប់ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួង-ស្ថាប័នរដ្ឋ អង្គការតំណាងជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន ដើម្បីចែករំលែកបទពិសោធន៍ និងមេរៀន ដែលទទួលបានក៏ដូចជាកសាងទំនាក់ទំនង និងកិច្ចសហការផ្សេងៗឲ្យកាន់តែច្រើនទាំងកម្រិតជាតិ និងអន្តរជាតិ។

វេទិកានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការខិតខំរបស់ជាតិនិងអន្តរជាតិដើម្បីលើកកម្ពស់ឱកាសការងារនិងមុខរបរសម្រាប់ជនមានពិការភាពហើយនេះនឹងបង្កើតគំរូជាក់ស្តែងមួយដែលដៃគូរពាក់ព័ន្ធទាំងអស់អាចរៀនសូត្រ និងចែករំលែកបទពិសោធន៍បាន ព្រមទាំងលើកកម្ពស់កិច្ចសហការពហុវិស័យជាមួយភាគីពាក់ព័ន្ធផ្សេងៗគ្នា។ នេះជាការលើកឡើងរបស់លោក ហាច ហ៊ាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ថ្លែងក្នុងនៅក្នុងវេទិកាជាតិ ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្ន ដែលរៀបចំឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នាសណ្ឋាគាភ្នំពេញ រាជធានីភ្នំពេញ។

លោក ហាច ហ៊ាន បានបន្ថែមថា វេទិកាជាតិការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នឹងដើរតួនាទីជាយន្តការមួយសម្រាប់ស្ថាប័នពាក់ព័ន្ធរួមមាន អង្គការតំណាងជនពិការ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជនមកពីគ្រប់វិស័យពិការភាព ដើម្បីជួបគ្នាជាទៀងទាត់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានក៏ដូចជាការកសាងទំនាក់ទំនង និងកិច្ចសហការផ្សងៗឲ្យកាន់តែច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិដោយសមាជិករបស់ខ្លួន។

លោកថា វេទិកានេះនឹងធ្វើការដើម្បីលើកកម្ពស់ និងការស្វែងរកមតិគាំទ្រពីភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតសំខាន់លើការជម្រុញ និងពង្រីកឱកាសការងារ មុខរបរ ប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។

ថ្លែងនៅក្នុងវេទិកានោះ លោក ហាច ហ៊ាន ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

១៖ បន្តជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ លើកកម្ពស់សិទ្ធិ ជនមានពិការភាព និងលិខិតបទដ្ឋានគិតយុត្តនានា ដើម្បីប្រែក្លាយពីឯកសារ ដែលមានលើក្រដាស ឲ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយបងប្អូនជនមានពិការភាព។

២៖ បន្តពង្រីករៀបចំវេទិកាជាតិ «ស្តីពីការងារ និងមុខរបរ ប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» នេះដល់ថ្នាក់ក្រោមជាតិ។

៣៖ បន្តជំរុញក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ឲ្យទទួលជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការជ្រើសរសើជនមានពិការភាព ចូលបម្រើការងារ ដែលមាន២ភាគរយ សម្រាប់ស្ថាប័នរដ្ឋ និង១ភាគរយសម្រាប់ផ្នែកឯកជន។

បន្ថែមពីលើនោះ លោកក៏បានថ្លែងអរគុណ និងកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍ ដូចជាគម្រោងកម្មវិធី ACCESS អង្គការ Light For The World អង្គការគ្រួសារថ្មី និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់វិស័យពិការភាពនៅកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាពនៅក្នុងវិស័យអាទិភាពធំៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញា របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ៕