(ភ្នំពេញ)៖ ក្រោមការគាំទ្ររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) ធ្វើឲ្យកម្មវិធីផ្លាស់ប្តូរអាជីវកម្មថ្មីថ្មោង រវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េ បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចេះត្រចង់។

ក្នុងកម្មវិធីបញ្ចប់ ដែលបានធ្វើឡើងក្នុងសប្តាហ៍នេះតាមប្រព័ន្ធវីដេអូ (Zoom) និស្សិតរបស់កម្ពុជា មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងនិស្សិតរបស់កូរ៉េ មកពីសាកលវិទ្យាល័យខុនយ៉ាង (Konyang) ចំនួន៦ក្រុម ក៏បានធ្វើបទបង្ហាញប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រោយគម្រោងពួកគេត្រូវបានរៀបចំអំឡុងពេលប្រមាណ ២ខែកន្លងមក។

លោក Dae Hwan Bae ប្រធានគ្រប់គ្រងគម្រោង មជ្ឈមណ្ឌលផលិតភាពកូរ៉េ បានថ្លែងថា ដោយយោងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់និស្សិតឲ្យបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាផងដែរ។

រដ្ឋាភិបាលកូរ៉េ បានបង្ហាញពីជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយគាំទ្រកម្ពុជា ឲ្យមានការរីកចម្រើនផ្នែកស្ទែម (STEM) ហើយបើតាមលោក Dae Hwan Bae «នៅប្រទេសកម្ពុជា ពោរពេញទៅដោយធនធានមនុស្ស ដែលមានសក្តានុពល»

និស្សិតរបស់កម្ពុជាឈ្មោះ ស្រីនាង បានសម្តែងក្តីរីករាយ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលផលិតភាពកូរ៉េ ដែលបានបង្កើតកម្មវិធីនេះឡើយ។ ស្រីនាង បានបន្តថា កម្មវិធីនេះមិនត្រឹមតែជួយឲ្យពួកគាត់បានស្រាវជ្រាវបច្ចេកវិទ្យាទេ ថែមទាំងផ្តល់នូវទំនាក់ទំនងដ៏ល្អជាមួយនិស្សិតកូរ៉េផងដែរ។

«យើងអាចចែករំលែក និងចំណេះដឹង អំពីគម្រោងដែលបានស្រាវជ្រាវ ដល់គ្នាទៅវិញមក»។ នេះបើតាមស្រីនាង។

និស្សិតរបស់កូរ៉េ ក៏បានបង្ហាញអារម្មណ៍ក្នុងការចូលរួមកម្មវិធីនេះផងដែរ។ លោក Park Jun Hyoung បានបញ្ជាក់ថា «ខ្ញុំគិតថា គម្រោងនេះជាឱកាសដ៏ល្អ សម្រាប់លើកស្ទួយកិច្ចសហប្រតិបត្តិការ ជាមួយមិត្តភក្តិអន្តរជាតិ»

មុនពេលបញ្ចប់កម្មវិធី គឺក្រុមនិស្សិតទាំងអស់ ត្រូវបានផ្តល់រង្វាន់ទៅតាមការវាយតម្លៃសមត្ថភាពរៀងៗក្រុម។ រង្វាន់នោះ ត្រូវបានចែកចេញជា ៦ប្រភេទផងដែរ រួមមាន៖ ពានរង្វាន់ Da Vinci (Da Vinci Award), ពានរង្វាន់លើការច្នៃប្រឌិតល្អបំផុត (Best Innovation Award), ពានរង្វាន់លើការធ្វើបទបង្ហាញល្អបំផុត (Best Innovation Award), ពានរង្វាន់លើការធ្វើកិច្ចសហប្រតិបត្តិការ (Cooperation Award), ពានរង្វាន់លើការដោះស្រាយបញ្ហា (Challenge Award), និងពានរង្វាន់លើកទឹកចិត្ត (Encouragement Award) ។

សូមជម្រាបថា ការស្រាវជ្រាវក្នុងការរៀបចំគម្រោង សម្រាប់កម្មវិធីផ្លាស់ប្តូរអាជីវកម្មថ្មីថ្មោង រវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េ បានធ្វើឡើងតាមអនឡាញ (online) ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ដែលប្រការនេះធ្វើឲ្យមានការលំបាកដល់និស្សិត ក្នុងការពិភាក្សាគ្នា។ បញ្ហានេះដែរ ត្រូវបានប្រធានគ្រប់គ្រងគម្រោង មជ្ឈមណ្ឌលផលិតភាពកូរ៉េ អះអាងថា កម្មវិធីនៅឆ្នាំក្រោយ និងលើកក្រោយនឹងធ្វើឡើងដោយផ្ទាល់ (offline)៕