(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អគ្គិសនីកម្ពុជា បានទទួលសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺការដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីល្វាឯម មកអនុស្ថានីយអគ្គិសនីខ្សាច់កណ្ដាល និងបញ្ជូនបន្តមកអនុស្ថានីយអគ្គិសនីមុខកំពូល ដែលជាកំណាត់ចុងក្រោយនៃបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុល ជាកងជុំវិញរាជធានីភ្នំពេញ។

លោកបានបន្តថា ការដាក់ឲ្យដំណើរការខ្សែបញ្ជូននេះ ជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តមួយទៀត ដែលទើបសម្រេចបានក្នុងឆ្នាំ២០២១នេះ ក្រោយពេលសាងសង់ដ៏លំបាករយៈពេលជាង៣ឆ្នាំនៃកំណាត់ខ្សែបណ្តាញផ្នែកខាងកើត ពីអនុស្ថានីយទី៦ (ឧត្តុង្គ) មកអនុស្ថានីយទី៧(ក្រុងតាខ្មៅ) ប្រវែង៨៨.៥ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេចំនួន៤ ។

ជាមួយនឹងខ្សែបញ្ជូនថ្មីនេះ អគ្គិសនីកម្ពុជាក៏បានដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីខ្សាច់កណ្ដាល កម្លាំង៧៥ មេហ្គាវ៉ាដែលមានទីតាំងក្នុងភូមិសាន្តលុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលបានបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ។

អនុស្ថានីយនេះនឹងជួយផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅស្រុកខ្សាច់កណ្ដាល និងផ្នែកខ្លះនៃតំបន់ជុំវិញ រួមមាន ស្រុកល្វាឯម ស្រុកមុខកំពូល ខេត្តកណ្ដាល ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។

សមិទ្ធផលនៃខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ មិនត្រឹមផ្តល់បន្ថែមសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាក៏ផ្នែកមួយនៃគម្រោងបណ្តាញ ជាកងជុំវិញរាជធានីភ្នំពេញ ដែលតភ្ជាប់ពីស្រុកឧដុង្គ ស្រុកពញ្ញាឮ មកស្រុកមុខកំពូល និងបន្តទៅភ្ជាប់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកណ្ដាលស្ទឹង ស្រុកគងពិសី ស្រុកអង្គស្នួល និងខណ្ឌកំបូល រួមនឹងរោងចក្រផលិតអគ្គិសនីដើរដោយប្រេង/ឧស្ម័ន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគដោយរាជរដ្ឋាភិបាល។

ចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងមានស្ថិរភាព និរន្តរភាពល្អជាងមុនដោយសារមានប្រភពសងខាងដែលជួយគ្នាទៅវិញទៅមក ដែលទោះបីមានកំណាត់ណាមួយមានបញ្ហា ក៏យើងមានលទ្ធភាពផ្គត់ផ្គង់ឡើងវិញដែរ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្សែបញ្ជូន និងអនុស្ថានីយអគ្គិសនីថ្មីនេះ ជាសមិទ្ធផលផ្លែផ្កា ដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាក្រោមមគ្គុទ្ទេសក៍របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន»៕