(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ដោយភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងគ្នាក្នុងការបញ្ចប់ករណីវិវាទនៅឡើយ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងបានបន្តជួបសម្របសម្រួលដោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដោយមានលោកស្រី ឈឹម ស៊ីថរ និងលោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងភាគីកម្មករនិយោជិត និងលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។

ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងគ្នាក្នុងការបញ្ចប់ករណីវិវាទនៅឡើយ នេះក៏ដោយសារ៖

១៖ តំណាងក្រុមហ៊ុននឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន៨៥នាក់ ដែលបានឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាផ្សេងទៀតឱ្យចូលធ្វើការវិញទេ។

២៖ តំណាងកម្មករនិយោជិតទាមទារឱ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាឱ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិតចំនួន៨៥នាក់ផ្សេងទៀតព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។

ទោះយ៉ាងណា ក្រសួងការងារក៏បានលើកទឹកចិត្តដល់កម្មករនិយោជិត សហជីព ក៏ដូចជានិយោជកបន្តចូលរួមសហការជាមួយក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចប់ករណីវិវាទនេះ ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖