(ភ្នំពេញ)៖ ជនរងគ្រោះជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរលូចគាស់យកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយ។

ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួចគាស់យកផ្លាកលេខរថយន្តមិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើបប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោរឿងបាត់ផ្លាកលេខរថយន្តតែម្តង។

ជនរងគ្រោះ បានបញ្ជាក់ថា រថយន្តពួកគេក្រុមចោរបានគាស់យកផ្លាកលេខទាំងខាងមុខទាំងខាងក្រោយ ដោយរថយន្តទាំងនោះបានចតទុកនៅពីមុខផ្ទះរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយនៅក្នុង «បុរី ឌីអរេស៊ីដេន» នេះគឺមិនមានសន្តិសុខយាមកាមអ្វីនោះឡើយ ដែលជាហេតុធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាសលួចគាស់យកផ្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋទៅបាត់ដោយងាយស្រួលបែបនេះ។

ជនរងគ្រោះបានពោលពាក្យទាំងទឹកមុខមិនរីករាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុងរឹតបន្តឹងទៅលើរថយន្តអត់ពន្ធ ហើយរថយន្តដែលអត់ផ្លាកលេខ គឺមិនអាចបានធ្វើដំណើរចរាចរណ៍នៅតាមដងផ្លូវបានទេ លុះត្រាណាតែយើងស្នើសុំធ្វើផ្លាកលេខថ្មីជាមុនសិន។

ក្រុមប្រជាពលរដ្ឋរងគ្រោះបន្ទាប់ពីត្រូវចោរលួចគាស់ផ្លាកលេខយកទៅបាត់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទាស់ឱ្យខាងតែបាន និងសូមអំពាវនាវដល់សមត្ថកិច្ច មេត្តារឹតបន្តឹងសន្តិសុខជូនប្រជាពលរដ្ឋផង ខណៈរឿងនេះជារឿងចោរកម្មដ៏គួរឱ្យភ័យខ្លាច លើកនេះចោរគាស់ត្រឹមផ្លាកលេខរថយន្ត ថ្ងៃក្រោយអាចគាស់ផ្ទះ និងអំពើផ្សេងៗទៀតក៏ថាបាន៕