(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែប្រឹងប្រែងជួយយុវជនកម្ពុជា ឲ្យក្លាយជាអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង (Startup) ដែលអាចដោះស្រាយបញ្ហានានាបានដោយប្រើបច្ចេកវិទ្យា។

ជាក់ស្តែង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ហៅកាត់ថា KOICA), មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ (Bandos Digital Startup 2021) ដែលធ្វើឡើងនៅអាគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក គីម ជុនស៊ូ (Kim Junsu) នាយករង KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នេះជាសកម្មភាពមួយរបស់ KOICA នៅក្នុងការចូលរួមបង្កើតប្រព័ន្ធអេកូឡូស៉ីសម្រាប់ធុរកិច្ចថ្មីសម្រាប់កម្ពុជា។ លើសពីនេះទៅទៀត KOICA បាននិងកំពុងបន្តធ្វើការលើគម្រោងផ្សេងទៀតផងដែរ ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទាក់ទងនឹងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ផងដែរ។

លោក គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានបំណងបង្កើតប្រព័ន្ធ Starup Ecosystem បានន័យថា យើងមានផ្តល់ជាទីកន្លែងជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងនោះយើងមានអគារកសាងសមត្ថភាព ដើម្បីឲ្យពួកគាត់ចាប់ផ្តើមអាជីវកម្មរបស់ពួកគាត់ ហើយយើងមានកន្លែងសម្រាប់ពួកគាត់ធ្វើការ និងឲ្យយល់ពីបរិបទក្នុងតំបន់របស់យើង ក៏ដូចជាជំនួយបច្ចេកទេស។ យើងចង់បង្កើតជា Ecosystem ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសហគ្រិនដ៏ល្អបំផុតសម្រាប់កម្ពុជា»

កម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ មានធ្វើបទបង្ហាញពីគម្រោងឌីជីថលសារជីវកម្មថ្មី ចំនួន៨ក្រុម ដើម្បីធ្វើការជ្រើសរើសចំនួន ៤ក្រុមទៅកាន់វគ្គបន្ទាប់ Pre-incubation។ ក្រុមដែលនឹងជាប់ ឬជ្រើសរើសសម្រាប់វគ្គបន្ទាប់នឹងទទួលបានថវិកា ចំនួន ១ម៉ឺនដុល្លារ សម្រាប់បង្កើត ផលិតផលគម្រូ ឬ ផលិតផលដែលអាចសម្រេចបានអប្បបរមា (Minimum Viable Product) សម្រាប់បង្ហាញទៅកាន់ទីផ្សារនៅកម្ពុជា។

លោក ស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបន្ថែមថា គោលបំណងនៃកម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ គឺដើម្បីឲ្យសិស្ស និស្សិត និងសហគ្រិនវ័យក្មេងនៅកម្ពុជា អាចសិក្សា និងបង្កើតនូវគំនិតឆ្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យា និងដើម្បីបង្កើតនូវគំរូអាជីវកម្មថ្មី ដើម្បីឲ្យមាននិរន្តរភាពសម្រាប់ដំណោះស្រាយរបស់ខ្លួននោះ។

លោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងលោក ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានខិតខំជំរុញការបង្កើតប្រព័ន្ធអេកូឡូស៉ីសម្រាប់ធុរកិច្ចថ្មី។ ស្របគ្នានេះដែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននឹងកំពុងបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ដែលដំណាងដោយ KOICA ប្រចាំនៅកម្ពុជា។

លោក កៀន តាក់ បានបន្ថែមផងដែរថា «ក្រោមការដឹកនាំរបស់លោកសាកលវិទ្យាធិការ ជេត ជាលី យើងនឹងមានមជ្ឈមណ្ឌលថ្មីមួយទៀត គឺមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ និងសហគ្រាស ដែលនឹងសាងសង់នៅក្នុងបរិវេណ៣ នៃសកលវិទ្យាលភូមិន្ទភ្នំពេញ»

សូមជម្រាបថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺជាគម្រោងមួយផងដែរ ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េ (តំណាង KOICA) សម្រាប់ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា ដោយមានថវិកាសរុបជិត ៨ លានដុល្លារអាមេរិក។ វាត្រូវបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខណៈការគ្រោងទុកនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។

មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា មានទំហំប្រហែល ២២០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣ ជាន់ ដោយមានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម។ ចំណុចទាំងនេះនឹងបង្កើតនូវបរិយាកាសល្អសម្រាប់សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវ ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់សង្គមជាតិកម្ពុជាយើង៕