(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការពារព្រំដែនរបស់ថៃគ្រប់គោលដៅតាមបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ពលករខ្មែរសរុប៦០នាក់ នៅបរិវេណភូមិខ្លង វ៉ា ឃុំ ថាប់ព្រិក ស្រុកអារញ្ញ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ។

ជាមួយគ្នានេះ ទាហានប្រាណកងរយទី១២០៣ បានសហការជាមួយទាហានឈុតចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា ក៏បានឃាត់ពលករខ្មែរចំនួន១០នាក់ថែមទៀត ក្នុងនោះស្រី៣នាក់ (ក្មេង៣នាក់ទៀត) នៅភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

តាមចម្លើយសារភាព ពលករខ្មែរទាំងនោះ បានប្រាប់សមត្ថកិច្ចថៃថា ពួកគេលួចចូលមកប្រទេសថៃតាមច្រករបៀង ដោយថ្មើរជើង ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅនៅស្រុកវ៉ាំង សំបូរ ខេត្តស្រះកែវ ដោយបានចំណាយលុយក្នុងការចូលមកធ្វើការក្នុងម្នាក់១,០០០បាត។ ដោយឡែក២នាក់ទៀត ចង់ទៅធ្វើការសំណង់នៅខេត្តនគរាជ សីម៉ា ត្រូវចំណាយលុយក្នុងការធ្វើដំណើរចូលមកចំនួន៧,០០០បាត ក្នុងម្នាក់។

ក្រោយពីសួរចម្លើយចប់សព្វគ្រប់ សមត្ថកិច្ចថៃ ក៏បានអនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល និងចាត់ការតាមច្បាប់បន្តទៀត៕