(កំពង់ធំ)៖ ដោយអនុវត្តតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ មន្ទីរអប់រំខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំមណ្ឌលប្រឡងចំនួន១០ មណ្ឌល ស្មើរ១៩៥បន្ទប់ មានបេក្ខជាង ៤,៨០០នាក់ ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំខេត្តកំពង់ធំ បានឲ្យដឹងថា មន្ទីរអប់រំ រួមជាមួយអាជ្ញាធរខេត្ត ត្រៀមរួចរាល់ហើយ ចំពោះដំណើរការនៃប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

លោកបន្តថា បេក្ខជនក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ ដោយរក្សាគម្លាតពីម្នាក់ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាល់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ហើយមណ្ឌលប្រឡងទាំងអស់ ក៏បានត្រៀមក្រុមគ្រួពេទ្យសម្រាប់ធ្វើតេស្តរហ័ស ដល់បេក្ខជនដែលមានអាការៈសង្ស័យមានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ។

សម្រាប់ថ្ងៃទី២៦ ខែធ្នូ បេក្ខជនទាំងអស់ត្រូវមកវ៉ាស់កំដៅ និងយកស្លាកសញ្ញាសម្គាល់ដើម្បីមានសិទ្ធិប្រឡង។ លោកបន្ថែមថា ចំពោះសិស្សក្រីក្រដែលមានជីវភាពខ្វះខាត មិនមានការជួយគាំទ្រពីអ្នកពាក់ព័ន្ធផ្សេងៗមន្ទីរអប់រំ យុវជន និងកីឡា និងស.ស.យ.ក ខេត្តកំពង់ធំ បានត្រៀមកន្លែងស្នាក់នៅចំនួន ៤ទីតាំង នៅជិតមណ្ឌលប្រឡង ដែលមាននៅមណ្ឌលបុរីកុមារខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរវប្បធម៌ខេត្ត ការិយាល័យយុវជន នៅភូមិបល្ល័ង្កកើត។

ជាមួយការរៀបចំកន្លែងស្នាក់នៅនេះ ស.ស.យ.ក ខេត្ត បានរៀបចំម្ហូមអាហារសម្រាប់សិស្សខ្វះលទ្ធភាពផងដែរ។ ដោយឡែកស្រុកមួយចំនួន ក្រុមការងារចុះមូលដ្ឋានរបស់ខ្លួនបានរៀបចំបេក្ខជនរួចរាល់ហើយ៕