(ភ្នំពេញ)៖ នៅក្នុងបរិវេណទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតី និងកាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគ្នានឹងកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ជាសមិទ្ធិផលថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ ហើយវាមានសមត្ថភាព និងសុវត្ថិភាពខ្ពស់ ក្នុងពង្រីកសមត្ថភាព (Scalability) និងរក្សារឯកជនភាពទិន្នន័យ ដែលរក្សារនៅក្រសួងពាណិជ្ជកម្ម។ តាមសមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ វាអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោចណាស់០៣ (បី) ឆ្នាំទៅមុខទៀត ក្នុងការរក្សាទុកប្រព័ន្ធទិន្នន័យសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះបានរៀបចំជា ០២(ពីរ)ផ្នែកសំខាន់គឺ៖ ផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) និង ផ្នែកទី២ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments)។

ផ្នែកទី១៖ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបពិសេស ដើម្បីរក្សាឧបករណ៍ក្នុងសីតុណ្ហភាពសមស្រប និងមិនមានសំណើមដែលអាចមានផលប៉ះពាល់ដល់ឧបករណ៍ទាំងឡាយដែលដាក់ឱ្យដំណើរការដូចជាឧបករណ៍បណ្តាញ (Networking Devices) ម៉ាស៊ីនមេ (Server) និងឧបករណ៍រក្សារទិន្នន័យ (Storage) ជាដើម។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះមានបំពាក់ UPS, ម៉ាស៊ីនភ្លើង, និងឧបករណ៍ឆ្លាស់ថាមពលអគ្គីសនីដោយស្រ័យប្រវ័ត្ត (ATS) ដែលធានាថាមជ្ឈមណ្ឌលទិន្នន័យ និងសេវាឌីជីថលនានារបស់ក្រសួងនៅតែអាចដំណើរការបានទោះបីមានការរអាក់រអួលរបស់ប្រព័ន្ធអគ្គីសនីពីប្រភពណាមួយក៏ដោយ។

លើសពីនេះបរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យទាំងនេះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ គ្រប់គ្រងបរិស្ថាន (Environment Monitoring) ដែលធ្វើការជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនប្រភេទដូចជា សញ្ញាសីតណ្ហភាព, ម៉ាស៊ីនត្រជាក់បន្ទប់កុំព្យូទ័រ (CRAC), ប្រព័ន្ធកំដៅខ្យល់ ប្រព័ន្ធការពារអគ្គីភ័យនិងម៉ាស៊ីនត្រជាក់ (HVAC) និងប្រព័ន្ធផ្សងៗជាច្រើនទៀត ព្រមទាំងបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធទ្វា និងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលថតទុករាល់សកម្មភាពដែលកើតឡើងក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាការពារមិនឱ្យបុគ្គលដែលគ្មានការអនុញ្ញាតចេញចូលផងដែរ។

ផ្នែកទី២៖ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments) បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ជំនាន់ចុងក្រោយបង្អស់ ព្រមទាំងការរក្សាទុកទិន្នន័យបែបឌីជីថល ដើម្បីធានាឱ្យបាននូវសុវត្ថភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន។

ឧបករណ៍ទាំងអស់នោះរួមមាន៖ ម៉ាស៊ីនផ្ទុកទិន្នន័យ, ម៉ាស៊ីនមេ, ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញដូចជា Firewall និងឧបករណ៍ប្រឆាំងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត។ ក្នុងនោះម៉ាស៊ីនមេ មាន CPU ចំនួន ២៨៨ Core, RAM រហូតដល់ ២TB និងអង្គផ្ទុកទិន្នន័យ (Storage) រហូតដល់ ១៥៤TB ដែលអាចផ្ទុកម៉ាស៊ីននិម្មិត (Virtual Machine) ជាមធ្យម ចន្លោះពី ១០០ ទៅ ១៥០។ លើសពីនេះ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួង បានតម្លើងប្រព័ន្ធឆ្លាស់ Active-Active និង Active Standby ទៅលើប្រតិបត្តិការទាំងអស់របស់ឧបករណ៍ ព្រមទាំងបានតម្លើងនូវប្រព័ន្ធឆ្លាស់បម្រុង Load balance Link balance ដើម្បីធានាបាននូវនិរន្តភាពនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មអនឡាញរបស់ក្រសួងពាណិជ្ជកម្មទេ។

សូមបញ្ជាក់ពីសារបានរបស់មជ្ឈមណ្ឌលទិន្នន័យនេះថា បន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានការឯកភាពពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ លោក ប៉ាន សូរស័ក្ដិ ក្រុមការងារក្រសួងបានសិក្សា និងជ្រើសរើសក្រុមហ៊ុនរៀបចំដំឡើងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលមានស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់ ហើយថវិកាក្នុងការក៏សាងឡើង (ក្រោមគម្រោងវិនិយោគផ្ទាល់) អស់ចំនួន៖ ៣,៩៩០,០០០,០០០រៀល៕