(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ភាគច្រើន បានសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានបិទមិនឲ្យមានការដឹកជញ្ជូនលៀសឆ្លងកាត់ចំណុចជើងកំពង់ឆ្នុកទ្រូនេះ ជាបន្តទៀត។ មិនតែប៉ុណ្ណោះ មន្ត្រីជំនាញថែមទាំងសហសហការជាមួយមន្ត្រីជលផលខេត្តកំពង់ធំ ដោយរួមគ្នាចាត់វិធានការយ៉ាងតឹងរឹង មិនឱ្យមានសកម្មភាពទាំងឡាយណាដែលប្រើម៉ាស៊ីនសម្រាប់អូសកាយលៀស ដែលនាំឲ្យបំផ្លាញជីវចម្រុះបាតទន្លេជាបន្តទៀត។

ពលរដ្ឋបានលើកឡើងថា ជាច្រើនឆ្នាំមកនេះ ការដឹកជញ្ជូនលៀសយកមកឡើងរថយន្តនៅជើងកំពង់ឆ្នុកទ្រូ ស្ទើមានរៀងរាល់ថ្ងៃ ដោយមានឡានយីឌុបភ្លៅ៤ និងភ្លៅ៥ជាច្រើនគ្រឿងបានមកបញ្ឈរចាំដឹកលៀសចេញពីជើងកំពង់ និងមានទូកតូចធំជាច្រើនគ្រឿងផងដែរ ដឹកលៀសមកកើបដាក់ការ៉ុងលើកដាក់រថយន្តយ៉ាងរលូនហាក់មិនមានការទប់ស្កាត់ឡើយ។

លៀសដែលគេដឹកយកមកឡើងរថយន្តនៅជើងកំពង់ឆ្នុកទ្រូរាល់ថ្ងៃនេះ គឺបានមកពីការកាយប្រើដោយកម្លាំងម៉ាស៊ីន នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលមានលៀសរាប់សឹបតោន ត្រូវបានដឹកយកមកឡើងនៅជើងកំពង់ឆ្នុកទ្រូទាំងអស់។

ពួកគាត់បានលើកឡើងទៀតថា កាដឹកលៀសយកមកឡើងរថយន្តនៅចំណុចជើងកំពង់ឆ្នុកទ្រូខាងលើនេះ ដោយដឹកជញ្ជូនតាមរថយន្តធន់ធំមានចំណុះរាប់សិបតោនដូចនេះ វាបានបំផ្លាញផ្លូវថ្នល់សាធារណៈយ៉ាងធ្ងន់ធ្ងរ បើមិនមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។

ពួកគាត់បន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា អាជ្ញាធរ និងមន្ត្រីជំនាញសម្រេចបិទការចរាចរណ៍ដឹកជញ្ជូនលៀសយកមកឡើងរថយន្តនៅចំណុចជើងកំពង់ឆ្នុកទ្រូជាបន្តទៀត ពួកគាត់សាទរ និងគាំទ្រនូវចំណាត់ការរបស់អាជ្ញាធរ និងមន្ត្រីជំនាញខាងលើនេះយ៉ាងពេញទំហឹង តែសុំឱ្យការបិទការចរាចរណ៍លៀសនៅទីតាំងខាងលើនេះអោយមានប្រសិទ្ធភាពជារៀងរហូតផង។

ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឲ្យដឹងថា ការដឹកជញ្ជូនលៀសយកមកឡើងរថយន្ត នៅជើងកំពុងឆ្នុកទ្រូ ត្រូវបិទបញ្ចប់ចាប់ពីពេលនេះតទៅ ដោយមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ជាបន្តទៀតឡើយ។

លោកថា លៀសដែលដឹកតាមទូកយកមកឡើងនៅជើងកំពង់ឆ្នុក ទ្រូរាល់ថ្ងៃនេះ គឺដឹកចេញពីខេត្តកំពង់ធំទាំងអស់ ព្រោះនៅទីនោះមានលំហទន្លេធំ ប្រជាពលរដ្ឋភាគច្រើនគឺនាំគ្នាទៅកាយយកលៀសនៅទីនោះ តែលៀសគេមិនបានដឹកយកឡើងរថយន្តនៅខេត្តកំពង់ធំនោះទេ គឺដឹកយកមកឡើងរថ យន្តនៅជើងកំពង់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។

លោកបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង គឺត្រូវបិទបញ្ចប់ការចរាចរណ៍លៀសឆ្លងកាត់តំបន់ឆ្នុកទ្រូចាប់ពីពេលនេះទៅ។ ក្នុងនោះដែរលោកក៏បានទំនាក់ទំនង ទៅខាងមន្ត្រីរជលផលខេត្តកំពង់ធំ ឲ្យបញ្ឈប់ការអនុញ្ញាតឲ្យទូលដឹកលៀសយកមកឡើងរថយន្តនៅចំណុចជើងកំពង់ឆ្នុកទ្រូជាបន្តទៀត បើនៅតែមាន មន្ត្រីជំនាញរដ្ឋបាលជលផល នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការផ្លូវច្បាប់ដោយមិនលើលែងឡើយ៕