(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាវុធកែច្នៃប្រមាណ៤០០ដើម ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដកហូតពីក្រុមឧក្រិដ្ឋជន ដែលបម្រុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីរំលឹកដល់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនក្រសួងការពារជាតិ ដើម្បីចាត់ការបន្ដ ព្រោះទាក់ទងជាមួយបទល្មើសយោធា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងបានធ្វើជាប់ជាប្រចាំ ហើយថ្មីៗកន្លងទៅនេះយើងបានប្រមូលអាវុធសរុបប្រមាណ៤០០-៥០០ដើម តាំងពីហូរហែរមក ដែលគេយកអាវុធកែច្នៃ ដើម្បីយកទៅលក់ជួញដូរ ប៉ុន្ដែរឿងនេះក្រសួងមហាផ្ទៃបានចាប់ផ្ដើមធ្វើ ហើយយើងបានប្រគល់វត្ថុតាង មនុស្សដែលមានការជួញដូរនេះ ប្រគល់ឲ្យក្រសួងការពារជាតិ ដើម្បីបន្ដធ្វើរឿងនេះ ព្រោះទាក់ទងនឹងបទល្មើសយោធា»

ប៉ុន្ដែរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ មិនបានបញ្ជាក់ថា ក្រុមជនសង្ស័យសរុបមានប៉ុន្មានដែលត្រូវចាប់ខ្លួន ហើយចំនួនអាវុធដែលបានដកហូតនេះ ចាប់ផ្ដើមពីពេលណាមកនោះទេ តែសម្ដេចគ្រាន់តែអះអាងថា ចំពោះបទល្មើសជួញដូរអាវុធដោយខុសច្បាប់នេះ នឹងបន្ដបង្ក្រាបជាបន្ដបន្ទាប់ នៅពេលស្រាវជ្រាវរកឃើញ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម។

ក្រោយរកឃើញអាវុធទាំងអស់នេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ រហូតឈានដល់ការចាប់ខ្លួនមនុស្ស និងបញ្ជូនទៅតុលាការ ចំនួន៧នាក់ ដែលសុទ្ធតែជាមន្ដ្រីយោធា ហើយជាប់ពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់៕