(កណ្ដាល)៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ជា សុខហៀង និងព្រះរាជអាជ្ញារងទទួលបន្ទុកលោក ជួន សុបញ្ញា បានសម្រេចចោទប្រកាន់បុគ្គលបើករថយន្តបង្កហេតុម៉ាក TUNDRA ឈ្មោះ លី ចំណាន ហៅ ឌុន និងដៃគូរម្នាក់ទៀតឈ្មោះ ណម ប៊ុនថា ដាក់ពន្ធធនាគារ ក្រោយបង្កហេតុលើដងវិថីបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់២នាក់។

ករណីនេះដែរ តុលាការបានវែកញែកចេញជាសុំណុំរឿងមួយផ្សេងទៀត គឺទៅលើបក្ខពួកជនទំនើងទាំង២ក្រុម ដែលវាយកាប់ចាក់គ្នា ដែលជាមូលដ្ឋានចម្បង នៃការបើកបរបុកមនុស្សស្លាប់នោះគឺក្រុមក្មេងទំនើង៥នាក់ ត្រូវបានលោក អឿង វណ្ណា ចៅក្រមស៉ើបសួរ និងលោកជួន សុបញ្ញា សម្រេចឃុំខ្លួន និងចោទប្រកាន់ផងដែរ។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក សារិន អះអាងថា សុំណុំរឿងបើកមនុស្សស្លាប់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឃាតកម្ម» រីឯសុំណុំរឿងមួយទៀតដែលជាក្រុមក្មេងទំនើងចំនួន៥នាក់ ក្រោមចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លេចបំផ្លាញដោយចេតនា»។

លោក ព្រហ្ម សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់២នាក់ តាមពិតគឺផ្ដើមចេញពីរឿងគុំនុំកាប់ចាក់គ្នា ដូចរឿងហុងកុង ដែលស្ទាវមួយក្រុមខាងម៉ូតូគ្នាជាង១០នាក់ បានយកដាវសាម៉ូរ៉ៃកាប់ទៅភាគីម្ខាងទៀត ហើយភាគីម្ខាងទៀត រត់យកប្រាស់អាយុ និងទៅផ្ទះដើម្បីយកឡានដើម្បីដឹកគ្នាដែលរងរបួសដៃទៅពេទ្យ តែចៃដន្យឃើញសត្រូវតាមផ្លូវក៏បើកបំបុកសម្លាប់តែម្ដង។ សមត្ថកិច្ចក៏តាមស្រាវជ្រាវប្រមូលបក្ខពួកជាប់ពាក់ព័ន្ធមកជាបន្តបន្ទាប់បានចំនួន៥នាក់ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបង្ហាញថា យុវជន៦នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណីរថយន្ត TUNDRA មួយគ្រឿង ដោយបុករះម៉ូតូ៤គ្រឿង នៅតាមបណ្ដោយផ្លូវ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

នគរបាលរៀបរាប់ថា រថយន្តបង្កហេតុម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2BM-4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានបន្តថា ពេលបើកមកដល់កន្លែងកើតហេតុខាងលើ រថយន្តបានបុកជាមួយម៉ូតូចំនួន៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា រួមមាន៖

*ទី១៖ ម៉ូតូម៉ាក HONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

*ទី២៖ ម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF - 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។

*ទី៣៖ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វយ ខត្តកណ្តាល ស្លាប់ទាំង០៦នាក់ខាងលើនេះ។

*ម៉ូតូទី៤៖ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខ ភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅភ្នំពេញ៕