(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការលើកឡើង ពីសំណាក់ប្រជាពលរដ្ឋ និងការពិនិត្យឃើញជាក់ស្តែង របស់រដ្ឋបាលខេត្ត អំពីសណ្តាប់ធ្នាប់ក្នុង និងក្រៅផ្សារកំពង់ស្ពឺរួចមកនោះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុម ការងារមួយក្រុម ចុះពិនិត្យផ្ទាល់ ដោយបានសួរនាំ និងណែនាំ ដល់បងប្អូនអាជីវករ ដែលពាក់ព័ន្ធបញ្ហាលើកឡើងខាងលើ មុនវិធានការណ៍ ដែលបានយល់ព្រមក្នុងកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់នោះ។

សូមជម្រាបថា ព្រឹកថ្ងៃទី២១ ខែមេសានេះដែរ ក៏មានកិច្ចប្រជុំមួយ ជាមួយអ្នកទទួលខុស ត្រូវនានាក្នុងការប្រមូលគំនិត និងវិធានការណ៍នានា ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់ ជុំវិញផ្សារមានសភាពល្អប្រសើរ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ហើយចូលរួមដោយមន្ទីរអង្គភាព គណៈកម្មការគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រង់សេវា សំរាម និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ៕