(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នាសាលសន្និសីទចតុម្មុខ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា សន្និបាតក្នុងរយៈពេល២ថ្ងៃនេះ បានយកចិត្ដទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីបម្រើឲ្យផលប្រយោជន៍ នៃការបង្កើនធ្លុងមហាសាមគ្គី ក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រិះរកវិធានការណ៍សមស្រប ដើម្បីរួមចំណែកកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួន ដែលជះឥទ្ធិពលមិនល្អដល់ព្រះពុទ្ធសាសនា និងឈោងចាប់យកនូវវិធីសាស្ត្រ បទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំ គ្រប់គ្រងព្រះពុទ្ធសាសនា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាលទ្ធផលសម្រេចបាននូវលទ្ធផលដ៏ធំធេង និងបានរួមចំណែកទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្នក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក ព្រមទាំងបានរំលេចឡើង នូវបទពិសោធន៍ ចំណេះដឹងជាក់ស្ដែង និងយន្ដការថ្មីៗ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រង និងការអប់រំសីលធម៌ តាមមាគ៌ាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងតាមក្រឹតក្រមច្បាប់របស់រដ្ឋ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយ ក៏ទាមទារឲ្យសម្តេច ព្រថេរា នុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ត្រូវបន្តចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់នូវការចម្លងមេរោគកូវីដ១៩ បំប្លែង ថ្មីគ្រប់ប្រភេទ។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមចំណែកក្នុងអនុសំវច្ឆរមហាសន្និបាតនេះ នូវចំណុចមួយចំនួនដូចតទៅ៖

*ទី១៖ សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ លោក លោកស្រី ចូលរួមឲ្យកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដោយធ្វើការផ្សព្វផ្សាយ អប់រំនូវវិធានការ នានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ពុទ្ធសាសនិក និងសាសនិក នៃគ្រប់សាសនា ឲ្យយល់ច្បាស់ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

*ទី២៖ សូមរួមគ្នាអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលមានស្រាប់ ដូចជាព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្ដីសម្រេច និងស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឲ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស គោរពតាម អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

*ទី៣៖ សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកាន់យកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ដ ដើម្បីសហការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ឋផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

*ទី៤៖ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្ដទុកដាក់ពង្រឹងគុណភាព សាលាពុទ្ធិកសិក្សាគ្រប់កម្រិត ទាំងថ្នាក់ធម្មវិន័យ ឲ្យក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ប្រគល់ជូនដល់គណៈគ្រប់គ្រងកម្មវិធីផងដែរ៕