(ភ្នំពេញ)៖ មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានប្រកាសថា ឆ្នាំ២០២២ ខាងមុខនេះ គឺជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ នេះបើតាម សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា។

សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយក្រសួងការបរទេស បានគូសបញ្ជាក់ដូច្នេះថា៖ «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏ជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណា ម-កម្ពុជា ឆ្នាំ២០២២ ផងដែរ»

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា៖ «ក្នុងបរិយាកាសនៃសាមគ្គីភាព មិត្តភាព ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម»

ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ក្នុងតំណែងជាប្រធានរដ្ឋវៀតណាម។

ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បន្ទាប់ពីនោះ លោកមានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងចូលថ្វាយបង្គំគាល់សម្តេចព្រះសង្ឃរាជទាំង២គណៈនិកាយផងដែរ។

ក្នុងជំនួបកំពូលជាមួួយសម្តេចតេជោ ហ៊ុន សែន, មេដឹកនាំទាំងពីរក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ។

 សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាម ជុំវិញទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម បានបញ្ជាក់បន្ថែមថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានរួមចំណែកបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជាប្រពៃណី រវាងប្រទេសជិតខាងទាំងពីរ។ ថ្នាក់ដឹកនាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលដ៏វិសេសវិសាលដែលប្រទេសជាតិ និងប្រជាជន វៀតណាមសម្រេចបានក្នុងបុព្វហេតុនៃកំណែទម្រង់ ការកសាង និងការអភិវឌ្ឍជាតិ ព្រមទាំងបាន ជូនពរប្រជាជនវៀតណាមឱ្យអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដើម្បី វិបុលភាពរបស់ប្រទេសវៀតណាម ជាមួយនឹង ការទទួលបាននូវតួនាទី និង មុខ តំណែង សំខាន់ៗបន្ថែមទៀត នៅក្នុង តំបន់ និង ពិភពលោកផងដែរ។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ទៀតថា៖ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ កាន់តែរឹងមាំ និងមានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជននៃប្រទេសទាំងពីរ។ ទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការជួបប្រជុំដោយផ្ទាល់ ជំនួបតាមទូរស័ព្ទ និងការពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ខណៈយន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានធានាដំណើរការជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព។ ដោយឈរលើប្រពៃណីនៃការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកជាទៀងទាត់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។ ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន ៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៨៩.៤លានដុល្លារអាមេរិក៕