(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយ ដើម្បីឱ្យភាគីព័ន្ធបានជជែកពិភាក្សា និងជ្រួតជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ក្នុងការផ្លាស់ប្តូរទិន្នន័យតាមបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា និងក្នុងការប្រើប្រាស់ប្រព័ន្ធតាមដានរកប្រភពដើមកសិផលដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមបរិបទនៃការរីកលូត- លាស់ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។

សិក្ខាសាលាស្ដីពី «ការចូលរួមនៃពហុភាគីក្នុងការអភិវឌ្ឍបណ្ដុះថ្នាលឌីជីថលកសិកម្មកម្ពុជា» ដែលស្ថិតនៅក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT ត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Raffles Hotel Le Royal នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន តំណាងក្រសួង-ស្ថាប័នក្រោមរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ វិស័យឯកជន សមាគមន៍ និងធនាគារ។

ក្នុងសិក្ខាសាលានេះ មានតំណាងមកពីក្រុមហ៊ុន Optistech Co.,Ltd, ក្រុមហ៊ុន AgriOn និងសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា ធ្វើបទបង្ហាញផ្សេងៗ រួមមាន បទបង្ហាញពីគំរូដើមនៃការអភិវឌ្ឍបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា, បទបង្ហាញពីប្រព័ន្ធតាមដានរកប្រភពដើមកសិផល និងបទបង្ហាញពីតម្រូវការនៃប្រព័ន្ធតាមដានរកប្រភពដើម។ តាមរយៈបទបង្ហាញទាំងនេះ ក៏មានការពិភាក្សាទៅមក យ៉ាងសស្រាក់សស្រាំពីអ្នកចូលរួម ដែលជាភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម

សូមជម្រាបថា គម្រាង SAAMBAT មានសមាសភាគពីរ គឺ (១) ហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និង (២) ជំនាញ, បច្ចេកវិទ្យា, និងសហគ្រាស ដែលសមាសភាគទី ២ នេះ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាភ្នាក់ងារប្រតិបត្តិ និងបែងចែកជាអនុសមាសភាគចំនួន ៣ ទៀតរួមមាន អនុសមាសភាគទី ២.១ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញដល់យុវជនតាមជនបទ, អនុសមាសភាគទី ២.២ ដែលផ្តោត លើការកសាងថ្នាលឌីជីថលសម្រាប់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដែលអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) និងអនុសមាសភាគទី ២.៣ ផ្តោតទៅលើការសិក្សាជាយុទ្ធសាស្រ្ត, ការស្រាវជ្រាវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍៕