(ភ្នំពេញ)៖ ក្រៅពីខិតខំបំពេញកិច្ចការជាច្រើនផ្សេងទៀត ក្រសួងទេសចរណ៍ក៏មិនភ្លេចអំពីការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ា ជាក់ស្ដែងក្រសួងទេសចរណ៍ដែលមានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ជាសេនាធិការ បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាស្របតាមក្របខណ្ឌគុណវុឌ្ឍិអាស៊ាន និងចែកវិញ្ញាបនបត្រជូនបេក្ខជនជ័យលាភីផងដែរ។

កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានសិក្ខាកាមសរុបចំនួន៤៣នាក់មកពីអាជីវកម្មស្ប៉ា និងសណ្ឋាគារធំៗចំនួន១៤កន្លែងទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះបានពង្រឹងជំនាញ ចំណេះដឹង និងឥរិយាបទដល់អ្នកជំនាញស្ប៉ាទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ និងបង្កើនភាពជឿជាក់ក្នុងអាជីពជាអ្នកផ្តល់សេវាកម្មស្ប៉ាប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា និងត្រៀមខ្លួនក្នុងការទទួលទេសចរសាជាថ្មី។

វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យស្ប៉ា សិក្ខាកាមមានចំណាប់អារម្មណ៍ខ្ពស់ និងបានសំណូមឱ្យមានវគ្គបណ្តុះបណ្តាលបែបនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់អ្នកបម្រើការងារនៅក្នុងវិស័យនេះទទួលបានចំណេះដឹង និងការទទួលស្គាល់មួយពិតប្រាកដពីក្រសួងទេសចរណ៍។

បន្ទាប់ពីសិក្សារយៈពេល២០ថ្ងៃនោះមក ពិធីបិទវគ្គខាងលើនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធអនឡាញផងដែរ។

លោក ប៉ាក់ សុខុម បានរំលេចពីភាពសកម្ម និងស្នាដៃកម្ពុជានៅកម្រិតតំបន់អាស៊ាន ដោយកម្ពុជាទទួលបានការជឿជាក់ និងទំនុកចិត្តពីប្រទេសជាសមាជិកអាស៊ានឱ្យកម្ពុជាដឹកនាំរៀបចំស្តង់ដាសមត្ថភាពអាស៊ានស្ប៉ា និងបន្តរៀបចំកម្មវិធីសិក្សាលម្អិតសម្រាប់មុខជំនាញស្ប៉ានេះ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ដោយមានការចូលរួមពីវិស័យឯកជនក្នុងការពង្រឹងវិស័យនេះ កម្ពុជានឹងអាចក្លាយជាគោលដៅទេសចរណ៍ស្ប៉ាប្រកបដោយភាពទាក់ទាញ និងជឿជាក់សម្រាប់ទេសចរមកពីជុំវិញពិភពលោក៕