(ពោធិ៍សាត់)៖ លោក ខូយ រីដា ប្រធានគណៈកម្មការ តំណាងលោក ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បាននាំអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះ ភ្លើងឆេះតូបផ្សារ ភូមិពោធិ៍ចំនួន៨តូប ស្មើនឹង៨គ្រួសារ នៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលបានកើតឡើង នៅ៨៖០៣នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។

ករណីឆេះតូបអាជីវករផ្សារភូមិពោធិ៍ បានបំផ្លាញតូបលក់ដូររបស់អាជីវករចំនួន៨តូប និងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសបាននិងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ខូយ រីដា បានថ្លែងថា គ្រោះអគ្គិភ័យជាគ្រោះមហន្តរាយ តែងតែកើតឡើងជាញឹកញាប់ ជាការទាមទារឲ្យយើងទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្ន ហើយមិនត្រូវមើលរំលងឡើយ។

ជាមួយគ្នានេះ លោកបានថ្លែងថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែមានការគិតគូរ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង មិនប្រកាន់រើសអើង អំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈនោះឡើយ ពោលគឺឲ្យតែប្រជាពលរដ្ឋរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភ ពីកាកបាទក្រហមថ្នាក់ កណ្តាល និងថ្នាក់ខេត្តស្រុក-ក្រុងស្មើៗគ្នា គ្រប់ក្រុមគ្រួសារទាំងអស់។

គ្រួសាររងគ្រោះភ្លើងឆេះតូចផ្សារភូមិពោធិ៍ ទាំង៨គ្រួសារ ទទួលបានមួយគ្រួសារ អង្ករ៥០គីឡូក្រាម តង់ខៀវ១ កន្ទេល១ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និងថវិកា១០ម៉ឺនរៀល។ ដោយឡែកជនរងគ្រោះក្នុង ឧបទ្ទវហេតុឆេះតូបផ្សារភូមិពោធិ៍ចំនួន៤នាក់ របួសធ្ងន់ម្នាក់ទទួលបានថវិកា១លានរៀល សម្រាប់បន្តទៅព្យាបាលជំងឺ នៅរាជធានីភ្នំពេញ និង របួសស្រាលចំនួន៣នាក់ទៀត ទទួលបានថវិកា៥ម៉ឺនរៀល ។ ជាងនេះទៅទៀតថវិកា របស់សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ ចំនួន ១លានរៀលទៀត ត្រូវបានប្រគល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់គាំទ្រសមកម្មភាពសង្គ្រោះទាន់ពេលវេលា។

នៅក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា បានបន្តដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត យកអំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគ និង គ្រឿងបរិភោគ ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនជនចាស់ជរា គ្មានទីពឹង និង ស្ត្រីផ្ទុកមេរោគអេដស៏ដល់ លំនៅដ្ឋាន ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផងដែរ៕