(ភ្នំពេញ)៖ រដ្ឋាភិបាលបាលជប៉ុន ផ្តល់ជំនួយរថយន្តប្រមាណ១០គ្រឿង តម្លៃ ២៤៥,២១៥ដុល្លារ ជូនក្រសួងបរិស្ថាន។ រថយន្តប្រមូលសំរាមនឹងត្រូវដាក់ពង្រាយនៅក្នុងខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាប្រមូលសំរាម។

ពីធិចុះហត្ថលេខាផ្តល់ជំនួយរថយន្តប្រមូលសំរាមត្រូវបានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅរវាង លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ជំនួយរថយន្តសម្រាប់ប្រមូលសំរាមនៅតាមបណ្តាខេត្តរបស់កម្ពុជានេះ ស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន ដែលហៅមានឈ្មោះថា «ជំនួយឥតសំណងគូសាណូណិ»។

ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា បាននិងកំពុងជួបការលំបាកជាមួយការកើនឡើងនៃសំរាម ដោយសារតែមានការខ្វះខាតច្រើននូវបរិក្ខារក្នុងការប្រមូលសំរាមឱ្យបានត្រឹមត្រូវ។ ការផ្តល់ជំនួយរថយន្តប្រមូលសំរាម នឹងរួមចំណែកដល់ការការពារសុខភាពសាធារណៈ និងបរិស្ថានធម្មជាតិ ដែលនឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋជាង ៥៣០,០០០នាក់ នៅក្នុងខេត្តគោលដៅទាំងដប់។

ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោក សាយ សំអាល់ បានរម្លឹកថា ចាប់តាំងពីឆ្នាំ២០១៣មក គ្រាដែលលោកត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាននោះ ប្រជាជនកម្ពុជាចាប់ផ្តើមយល់អំពីតម្លៃបរិស្ថានបណ្តើរៗ ស្របពេលសេដ្ឋកិច្ចជាតិ កម្រិតជីវភាពរស់នៅ ចាប់ផ្តើមមានភាពប្រសើរឡើង។ លោករដ្ឋមន្ត្រីបន្តថា នេះគឺជាអ្វីដែលលោមើលឃើញនូវឱកាសក្នុងការដាក់ចេញនូវទស្សនវិស្ស័យប្រកបដោយភាពច្បាស់លាស់ ក្នុងការលើកកម្ពស់គុណភាពបរិស្ថាននៅប្រទេសកម្ពុជា។ ជាក់ស្តែង ក្រសួងបរិស្ថានមានបេសកកម្មសំខាន់ៗមួយចំនួន រួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចគាំពារបរិស្ថាន ដែលចំពោះមុខ ចាំបាច់ត្រូវដាក់ចេញនូវគោលដៅ ប្រព័ន្ធគ្រប់គ្រង ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្តិ ក្នុងការចង្អុលបង្ហាញដល់ការងារគ្រប់គ្រងបញ្ហាសំរាម និងសំណល់រឹងឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងតម្រូវការធនធានមនុស្ស ដើម្បីឱ្យការងារដំណើរការទៅបាន ស្របតាមបទដ្ឋាន ផែនការនានាដែលបានដាក់ចេញ គេត្រូវការយ៉ាងសំខាន់នូវសម្ភារគ្រប់ប្រភេទ ក្នុងនោះរថយន្តប្រមូលសំរាម ដូចដែលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រគល់ជូនដល់កម្ពុជា តាមរយៈក្រសួងបរិស្ថាននាពេលនេះ។

លោក សាយ សំអាល់ មានសុទិដ្ឋិនិយមថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជាច្បាស់នឹងប្រែក្លាយមុខមាត់ថ្មី ដែលមានបរិស្ថានល្អប្រសើរ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចំពោះការគាំទ្រដ៏មានសារៈសំខាន់នេះ និងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការការងារជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការគាំទ្របន្តទៀត ដល់ក្រសួងបរិស្ថាន។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងបរិស្ថានកម្ពុជា និងជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ដែលបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មកាន់តែប្រសើរឡើង។

លោកទូត បានគូសបញ្ជាក់ថា ការគ្រប់គ្របងសំរាម សំណល់រឹង គឺជារឿងស្មុគស្មាញ និងពិបាក ហើយត្រូវការពេលវេលា ក្នុងនោះការបណ្ដុះការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការដែលទាមទារពេលវេលា និងភាពអត់ធ្មត់។ ទន្ទឹមនេះ តម្រូវការសម្ភារ រួមជាមួយការចូលរួមរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់នាំដល់ភាពជោគជ័យក្នុងគ្រប់គ្រងបញ្ហានេះ។

សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៤លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៥០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕