(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្ដីពី តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សន្និសីទនេះមានការចូលរួមដោយ លោកបណ្ឌិត គិន ភា ប្រធាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, លោក CHANG Jian អគ្គទីប្រឹក្សានៃស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងវិគ្មិនដែលជាអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញបិទសន្និសីទនេះ។

សន្និសីទនេះ បានរៀបចំឡើងលើកិច្ចពិភាក្សាវគ្គទី១៖ «គំរូនៃការអភិវឌ្ឍរបស់ប្រទេសចិននិងការជំរុញនៃគំរូនេះ ចំពោះប្រទេសផ្សេងៗនៅតំបន់អាស៊ាន»។ កិច្ចពិភាក្សាវគ្គទី២៖ «ទំនាក់ទំនងចិនអាស៊ាន ការប្រឈម ឱកាស និងទស្សនវិស័យ»។ បន្ថែមពីនេះ ប្រធានបទដែលត្រូវពិភាក្សារួមមាន៖

*ទិដ្ឋភាពទូទៅនៃទំនាក់ទំនងចិន-អាស៊ាន
*គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងវិភាគទាននៃគំនិតផ្តួចផ្តើមនេះចំពោះការអភិវឌ្ឍតំបន់អាស៊ាន
*កិច្ចសហប្រតិបត្តិការចិនអាស៊ានអំឡុងនិងក្រោយកូវីដ-១៩
*បញ្ហាប្រឈមនិងឱកាសនៃទំនាក់ទំនងចិន-អាស៊ាន
*ទស្សនវិស័យអនាគតនៃទំនាក់ទំនងចិន-អាស៊ាន៕