(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេលការសាកសួរ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ទៅថ្ងៃក្រោយវិញ ដោយមិនទាន់កំណត់ពេល ក្រោមហេតុផលថា ពាក្យបណ្តឹងដែលប្តឹង លោក ប៉ាវ ស៊ីណា មានកំហុសអក្ខរាវីរុទ្ធ «ខុសឈ្មោះ»

ការសម្រេចលើកពេលនេះ បានធ្វើឡើង បន្ទាប់ពី លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់ព្រះរាជអាជ្ញា នៅសាលា ដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ ពាក់ព័ន្ធនឹងដំណើររឿង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិត។ ប៉ុន្តែត្រូវបានលោក ប៉ាវ ស៊ីណាប្រកែកថា តុលាការបាន សរសេរឈ្មោះលោកខុស។

លោកប៉ាវ ស៊ីណា បានប្រាប់អង្គភាព Fresh Newsថា «ខ្ញុំបានចូលខ្លួនបំភ្លឺនៅមុខតុលាការ ទៅតាមការកោះហៅ ប៉ុន្តែមិនបានឆ្លើយតប រឺនិយាយអ្វីច្រើននោះទេ ដោយសារតែ ខ្ញុំបានពិនិត្យឃើញថា ពាក្យបណ្តឹងដែលប្តឹងខ្ញុំ គឺសរសេរខុស។ ឈ្មោះរបស់ខ្ញុំពី “ប៉ាវ ស៊ីណា” ទៅជា “បាវ ស៊ីណា” ដូចនេះ ខ្ញុំស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យពាក្យបណ្តឹងនេះឡើងវិញ»

ប្រធានសហភាពចលនាកម្មករកម្ពុជាបានបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នឹងស្នើឲ្យដើមបណ្តឹង ពិនិត្យពាក្យបណ្តឹងរបស់ខ្លួនឯង ហើយរៀបចំដាក់ពាក្យបណ្តឹងសារជាថ្មី។ ក្រោយពីការដាក់ពាក្យបណ្តឹងរួចរាល់ ទើបតុលាការ បង្គាប់បញ្ជារូបលោកឲ្យចូលខ្លួន បំភ្លឺជាថ្មីម្តងទៀត។

ទោះជាយ៉ាងណា Fresh News មិនអាចស្វែងរកការឆ្លើយតបពីតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើការចំពោះសំណុំរឿងលោក ប៉ាវ ស៊ីណា នាពេលនេះបាន នៅឡើយទេ។

ទាក់ទងនឹងបណ្តឹងនេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ធ្លាប់បានពន្យារពេលការចូលបំភ្លឺលើបណ្តឹង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិតនេះ ចំនួនពីរលើករួចមកហើយ លើកទីមួយ គឺស្នើតុលាការឲ្យពន្យារពេល ការកោះហៅ ក្រោមហេតុផលថា ដីកា កោះហៅនោះ ខុសនីតិវិធី។ សម្រាប់ដីកាកោះហៅលើកទីពីរ កាលពីថ្ងៃទី៧ខែមេសា  ត្រឹមត្រូវតាមនីតិវិធី និងអាចទទួលយកបាន ប៉ុន្តែលោកមានភារកិច្ចរវល់នៅមុនពេលចូលឆ្នាំ ទើបស្នើពន្យារពេល ចូលបំភ្លឺមកក្រោយចូលឆ្នាំវិញ ពោលគឺ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ ។

បច្ចុប្បន្ននេះ លោក ប៉ាវ ស៊ីណា រងនូវបណ្តឹង ចំនួន៦ ករណីហើយ បណ្តឹងទីមួយ ករណីបង្កហិង្សា នៅផ្លូវវេងស្រេង ករណីទីពីរការតវ៉ាបិទផ្លូវនៅខេត្តស្វាយរៀង ករណីទីបី ការញុះញ៉ុងឲ្យមានការតវ៉ានៅកំពង់ស្ពី និងករណីទី៤ ការក្លែងឯកសារ លិខិត និងផ្តល់ ព័ត៌មាន មិនពិត និង២ករណីទៀត ពីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា  ដោយចោទពីបទ បរិហារកេរ្តិ៍ ជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងបិទផ្លូវសាធារណៈ៕