(ភ្នំពេញ)៖ New Star ជាខារ៉ាអូខេដែលបុរសៗចូលចិត្តទៅកម្សាន្តពេលយប់ ដោយសារតែមាននារីក្មេងៗកំដរច្រើននោះ កំពុងរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន ជាពិសេសលើបណ្តាញសង្គម Facebook រឿងដែលម្ចាស់ខារ៉ាអូខេនេះ អនុញ្ញាតឱ្យមានការរាំរបាំជូនពរ ដែលជារបាំប្រពៃណីដ៏ផូផង់របស់ខ្មែរ កំដរភ្ញៀវនៅក្នុងបន្ទប់ច្រៀង។

ក្រុមអ្នកលេង Facebook បាននាំគ្នារិះគន់ថា ខារ៉ាអូខេ New Star សម្រាប់ការកម្សាន្តពេលរាត្រីនេះ កំពុងបំផ្លាញប្រពៃណីដ៏ផូរផងរបស់ខ្មែរ ជាពិសេសរបាំជូនពរ ដែលជាសិល្បៈវប្បធម៌ល្អប្រពៃមួយ តែងត្រូវបានរៀបចំតែសម្រាប់ទទួលស្វាគមន៍ថ្នាក់ដឹកនាំធំៗ ក៏ដូចជាពិធីប្រពៃណីផ្សេងៗ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានចាត់ទុកថា ការយករបាំជូនពរទៅសម្តែងក្នុងបន្ទប់ខារ៉ាអូខេ គឺជាអំពើខុសឆ្គងរបស់ម្ចាស់ខារ៉ាអូខេ និង អ្នកដឹកនាំការសម្តែង ដែលធ្វើឱ្យអាប់ឱនដល់សិល្បៈវប្បធម៌ខ្មែរ។ លោកលើកឡើងថា «ខ្ញុំគិតថា វាបានធ្វើឱ្យស្រអាប់ទៅដល់កេរ្តិ៍ឈ្មោះ ទៅដល់អ្វីដែលយើងនាំគ្នាគោរពព្រោះថា យើងជាខ្មែរ ត្រូវតែថែរក្សាវប្បធម៌ជាតិ ទាំងរូបិយ៍ និងអរូបិយ៍»

លោក នរៈសត្យា បានបន្ថែមថា «ការដែលយើងយកទៅសម្តែង ក៏យើងត្រូវចេះរើសកន្លែងដែលសំដែងដែរ មិនមែនដោយសារតែមូលហេតុសេដ្ឋកិច្ច មូលហេតុថវិកា ឬដើម្បីលុយ យើងចេះតែយកសិល្បៈវប្បធម៌ជាតិ ដែលមានតម្លៃផូរផង់របស់ខ្មែរ យកទៅសម្តែងទេ អញ្ចឹងវាមិនមែនជា ការផ្សព្វផ្សាយទេ តែជាការយកទៅបន្ថោក ជាន់ឈ្លី សិល្បៈវប្បធម៌ជាតិកម្ពុជា»

សូមបញ្ជាក់ថា នាថ្មីៗនេះ បណ្តាញសង្គម Facebook បានចែកចាយបន្តគ្នាអំពីវីដេអូរាំរបាំជូនពរ នៅក្នុងបន្ទប់ច្រៀងដែលគេអះអាងថា ធ្វើឡើងនៅក្នុងខារ៉ាអូខេ New Star។ នៅក្នុងវីដេអូឃ្លីប មានរយៈពេល ១នាទី និង២៧វិនាទីនោះ បានបង្ហាញថា មានអ្នករបាំជូនពរ៤-៥នាក់ បានរាំ កំដរក្រុមអ្នកទៅកម្សាន្តនៅក្នុងខារ៉ាអូខេនោះ មានទាំងជនជាតិខ្មែរ និងបរទេស ដោយមានទាំងនារីកំដរផងដែរ ។ មជ្ឈដ្ឋានមួយចំនួន បានទាមទារឱ្យក្រសួងមានសមត្ថកិច្ចមានវិធានការ ចំពោះកំហុសឆ្គងនៅក្នុងខារ៉ាអូខេខាងលើ ដើម្បីការពារសិល្បៈវប្បធម៌ខ្មែរ។

Fresh News នៅអាចទំនាក់ទំនងទៅថៅកែ ឬអ្នកគ្រប់គ្រង នៅក្នុងខារ៉ាអូខេ New Star ដែលរងការចោទប្រកាន់ថាធ្វើឱ្យខូចសិល្បៈវប្បធម៌ខ្មែរនេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងវប្បធម៌ បានអះអាងថា ក្រសួងកំពុងពិនិត្យមើលករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយថាក្រសួងអាចនឹងមានវិធានការ ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ឈប់ឱ្យមានការរាំរបាំប្រពៃណីបែបនេះ នៅក្នុងបន្ទប់ខារ៉ាអូខេ តទៅទៀត៕