(កោះកុង)៖ ចូលឆ្នាំថ្ងៃ​ដំបូង​នាយខ្វែកបាន​ឆ្លៀត​នាំ​កូន និងមិត្តភក្ដិ​ទៅដើរលេង​ និងស្ទូចត្រីនៅកោះស្ដេច​ខេត្តកោះកុង ដែលជាតំបន់ទេសចរ​ធម្មជាតិដែន​កោះ ហើយ​កន្លងមក​ហាក់ដូចនៅឆ្ងាយ​ដាច់​សង្វែង ព្រោះតែពុំមានផ្លូវ​គោកល្អ​​សម្រាប់​ធ្វើដំណើរទៅ​ដល់ដោយ​ងាយស្រួល។

បច្ចុប្បន្នដោយសារ​តែមានក្រុមហ៊ុន​គេធ្វើផ្លូវក្រាលកៅស៊ូធំល្វឹងល្វើយតភ្ជាប់​ពីផ្លូវជាតិ​លេខ៤៨ ត្រង់ចំណុចហួសស្ពានអណ្ដូងទឹកបន្តិចចូល​ទៅទើបធ្វើ​អោយ​តំបន់ទេសចរ​ធម្មជាតិនាតំបន់កោះ​ស្ដេច ហាក់​មានសភាពអ៊ូរអ​ជាងមុន និងភ្ញៀវទេសចរពីចម្ងាយគេចាប់ផ្ដើម​ស្គាល់ច្រើន។ ក្នុងដំណើរទេសចរកំសាន្ត​តាម​កោះមើលទេសភាពធម្មជាតិ និងជិះ​ទូកស្ទូចត្រី ដែលជាចំណូលចិត្តរបស់​នាយខ្វែក ហើយអ្វីដែលធ្វើអោយ​នាយខ្វែក​មានការចាប់​អារម្មណ៍​ ក្រៅតែពីជីវភាពរស់នៅ និងការប្រកបអាជីវកម្ម​របស់អ្នកស្រុក ទេសភាពធម្មជាតិ​តាមដែនកោះ ដ៏ប្លែកភ្នែកនោះ គឺកប៉ាល់សមុទ្រធំៗ​ចំនួន២គ្រឿង ត្រូវបានគេបោះ​យុទ្ធថ្កា​​ចតចោលនៅកណ្ដាលសមុទ្រ ក្បែរកោះឆាន់ទល់​មុខនឹងកោះ​ស្ដេចតែម្ដង។ បានជានាយខ្វែក​ចាប់អារម្មណ៍ ​ព្រោះកាលពីចុងឆ្នាំ២០១៥ ខណៈនាយខ្វែកទៅដើរលេងនៅកោះស្ដេច​ជាលើកទី១​ក៏បានឃើញកប៉ាល់ខាងលើ​ចត​នៅកន្លែង​ដដែល​ហ្នឹង​ដូចគ្នា។

តាមការសាកសួរអ្នករត់ម៉ូតូឌុប​ក៏ដូចជាអ្នក​ប្រកបរបរ​នេសាទ​សមុទ្រ រួមទាំងសមត្ថកិច្ចតូចតាចនៅកោះស្ដេច បានអោយដឹងថា កប៉ាល់ខាងលើគឺជាកប៉ាល់​របស់ឈ្មួញ​ថៃឃុប​ឃិតគ្នា​ជាមួយឈ្មួញខ្មែរ​នាំប្រេងសាំង ប្រេងម៉ាហ្សូត​អត់បង់ពន្ធ​យកមកលក់​ផ្ដាច់មុខនៅស្រុក​បុទុមសាគររួម​ទាំងមានឈ្មួញ​កណ្ដាល​ទិញបន្តយក​ទៅលក់ដល់ស្រុកផ្សេងៗ​ទៀតផងដែរ (មានផែពោងប្រេងនៅកោះស្ដេច)​ជាពិសេសលក់អោយ​កប៉ាល់ និងទូកនេសាទសមុទ្រ​តែម្ដងដោយមិនចាំបាច់​ចូលចាក់​ប្រេងនៅតាម​កោះនាំខាត​ពេលនោះទេ។ អ្នកកោះស្ដេច​បានរៀបរាប់ថាក​ប៉ាល់ដឹកប្រេង​អត់បង់ពន្ធយកមកចតលក់​ដោយ​ចំហរខាងលើគឺ​កើតមានជាយូរឆ្នាំ​​មក​ហើយដោយកប៉ាល់១​គ្រឿងចតលក់ កប៉ាល់១គ្រឿងទៀតជាអ្នកដឹកជញ្ជូន យកមកផ្គត់ផ្គង់អោយ ដោយគេមិនបានឃើញ​មន្ត្រីមានសមត្ថកិច្ច​ជាពិសេសគយ​ចុះទៅសួរនាំឬចាប់អោយបង់ពន្ធអ្វីឡើយ។និយាយរួមរវាងឈ្មួញ និងមន្ត្រីហាក់ដូចជាដឹងម៉ូ ត្រូវដងត្រូវផ្លែគ្នាអស់ហើយ ទើបបានជាមិនរវីរវល់បែបនេះ។

អ្នកដឹងរឿងបានបង្ហើបអោយដឹងថាតាម​ពិតនៅលើផ្ទៃ​សមុទ្រ​មិនមែន​មានតែកប៉ាល់២គ្រឿង​នេះ​នោះទេ គឺមានកប៉ាល់ដឹកប្រេងនាំ​ចូលពីប្រទេសថៃ​អត់បង់​ពន្ធយក​មកចត​លក់នៅ​លើដែនសមុទ្រ​ផ្គត់​ផ្គង់​អោយ​ទូក កប៉ាល់នេសាទ និងបណ្ដាលស្រុក ខេត្តជាប់សមុទ្រ​រាប់សឹបគ្រឿងឯណោះ គ្រាន់តែគេចែកប្លុក​គ្នាគ្រប់គ្រង​ការផ្គត់ផ្គង់ តំបន់ណាគ្រប់គ្រងដោយ ឈ្មួញ និងអ្នកមាន​អំណាចណាកាង ទៅតាម​ការបែង​ចែកពីអ្នកមានឥទ្ធិពល។ចំណែកគយគ្រប់គ្រងខាងប្រេងនិងគយនៅតាមដែនដីសមត្ថកិច្ច​របស់ខ្លួនដែល​មានប្រេងរត់ពន្ធ ចូលគឺនាំគ្នាអង្គុយចាំតែ​ទទួល​លាភសក្ការៈ​ពីឈ្មួញតែប៉ុណ្ណោះ ព្រោះតែ​គេយល់​ថាការរត់ពន្ធប្រេងចូលយកមកលក់នៅកណ្ដាលសមុទ្រ និងនៅលើដីគោកតែគេទិញយកទៅប្រើអស់ គ្មានសល់ភស្តុ​តាងដូចឡាន ដូចម៉ូតូនាំចូល​អត់បង់ពន្ធនោះទេ។

អ្នកដឹងរឿងរត់ពន្ធប្រេងលក់នៅ​លើផ្ទៃសមុទ្របាន​អះអាងថា ក្នុងមួយខែៗរដ្ឋបាត់ចំណូលពន្ធ​មិនតិចនោះទេ ព្រោះទូក កប៉ាល់​នេសាទ និងទូកដឹកជញ្ជូន​ទាំងអស់នៅលើផ្ទៃសមុទ្រស្ទើ១០០ភាគរយ គឺប្រើប្រេងគេចពន្ធ ដែលប្រេងអត់បង់ពន្ធ​នាំចូលគេលក់​នៅកណ្ដាល​សមុទ្រសម្រាប់​ទូក​ឬកប៉ាល់​ទិញចាក់ម៉ាសុីន​ម៉ាហ្សូត១លីត្រ​តែជាង១០បាតប៉ុណ្ណោះ។ ដូច្នេះសូមអគ្គនាយក​គយនិងរដ្ឋាករ ជាពិសេស​លោករដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរ​តែមាន​ការចាប់អារម្មណ៏ផង កុំជឿតែលើថ្នាក់ក្រោមពេក។

ជាក់ស្ដែងដូចជាកប៉ាល់ដឹកប្រេងសាំង ប្រេងម៉ាហ្សូត​សរសេរ​អក្សរថៃ​ចតនៅក្បែរ​កោះ​ឆាន់​ចំពីមុខកោះស្ដេច​ ដែលនាយខ្វែក​ថតបាន​ដូចមាន​ក្នុងរូបនេះ​ជាភស្តុតាងស្រាប់ បើអ្នកប្រើទិញតិចតួច​គឺគេកំណត់អោយ​ចូលទិញនៅផែ​ពោងប្រេង​នៅកោះស្ដេច តែគេលក់ថ្លៃ​បន្តិច ១លីត្រម៉ា​ហ្សូតខ្ទង់​ជិត២០បាត​ តែបើទិញ​ច្រើនចាក់​ទូក ចាក់កប៉ាល់ គឺគេចេញបុង​​អោយទៅចាក់ដល់​កប៉ាល់តែម្ដង​១លីត្រតែ​ជាង១០បាតប៉ុណ្ណោះ៕