(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាជាតិនៃកម្ពុជានៅព្រឹក ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសមិទ្ធផលនានាក្នុង វត្តឥន្ទរង្សី (ហៅវត្តហប់) ស្ថិតក្នុងភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ និងពិធីសាសនាមួយនេះ ក៏មានការចូលរួមពីអាជ្ញាធរ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៣៥០០នាក់។

លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានថ្លែងថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀតហើយ នៅខេត្តកំពង់ធំដែលបានកសាឡើង ដែលជាទឹកចិត្តសប្បុរសជនជិតឆ្ងាយទូទាំងប្រទេស។

លោក ជា ចាន់តូ បានជម្រុញឲ្យគណៈកម្មការវត្តនីមួយៗ សហការជាមួយអាជ្ញាធរស្រុក និងខេត្តខិតខំកសាងសមិទ្ធផលផ្សេងៗទៀត តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដើម្បីបំពេញតម្រូវការជាក់ស្តែង នៅតំបន់ដាច់ស្រយ៉ាលធ្វើយ៉ាងណាឲ្យ គណៈកម្មការវត្ត ព្រមទាំងព្រះសង្ឃចៅអធិការ ចេះរក្សាកេរ្តិ៍ឈ្មោះកិត្តិយស នៅតាមទីវត្តនីមួយៗ ដើម្បីឲ្យពុទ្ធបរិស័ទផ្តល់ជំនួយ បន្ថែមទៀត ក្នុងការកសាងសមិទ្ធិផល។ ម្យ៉ាងទៀត ផ្នែកអាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាជានិច្ច មិនអាចខ្វះមួយណា បានទេ។ លោកក៏បានរៀបរាប់ពីទុក្ខលំបាកវេទនា របស់ប្រជាពលរដ្ឋតាំងពីសម័យឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៧៩។

លោកបានបន្តថា «ពេលឥឡូវនេះយើង ទាំងអស់គ្នាត្រូវចេះសហការសាមគ្គីជាធ្លុងមួយ ដើម្បីថែរក្សាកេរ្តិ៍ដំណែលលើកស្ទួយវប្បធម៌ ប្រពៃណី សាសនា និងទឹកដីឲ្យបាននូវគង់វង់ និងមានការប្រុងប្រយ័ត្នខ្ពស់ ហើយរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា។ ​ប្រទេសកម្ពុជាមាន សុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ។

ក្នុងពិធីនោះដែរ លោកបាននាំយកសម្ភារ និងថវិកាចែកជូនដល់អ្នកចូលរួម និងប្រគេនបច្ច័យដល់ព្រះសង្ឃវត្តហប់ ចំនួន៥៧លានរៀល ដើម្បីធ្វើរបងថ្មជំវិញវត្តប្រវែង២១៨ម៉ែត្រ និងបានប្រគេនបច្ច័យជូនទៅវត្តអន្លង់ក្រាញ់១០លានរៀល វត្តសំព្រោជ១០លានរៀល ជួយសាងសង់អាគារសិក្សាអនុវិទ្យាល័យខ្មាក់១ខ្នងមាន៥បន្ទប់ ស្ថិតនៅ ឃុំចំណារលើ ស្រុកស្ទោង ជួយសាងសង់អាគារបណ្ណាល័យ មួយខ្នងដល់វិទ្យាល័យ ហ៊ុន សែនរុងរឿង៕