(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះថា ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបានហើយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ខ្មែរ២នាក់ និងវៀតណាមម្នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣០នាទីក្នុងបុរី BLUE SKY ផ្ទះ A252 ក្រុម២២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំងនេះ បានធ្វើឡើងដោយមានកិច្ចសហការល្អជាមួយស្នងការនគរបាលរាជធានី-ខេត្តពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាខេត្តព្រះសីហនុ, រតនគីរី, ស្ទឹងត្រែង, កំពត និងរាជធានីភ្នំពេញ ជាពិសេសក៏មានការចូលរួមពីនាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានព្រហ្មទណ្ឌ ដោយប្រើរយៈពេល១៤ថ្ងៃ សមត្ថកិច្ចបង្ក្រាបបានដោយជោគជ័យ»

ជនសង្ស័យ៤នាក់ រួមមាន៖ ប្រុស១នាក់ ជាជនដៃដល់ជាជនជាតិចិន ស្ត្រីជនជាតិខ្មែរចំនួន២នាក់ និងវៀតណាមម្នាក់ស្រីតែ (ចរតប្រុស) ជាអ្នករួមគំនិត។ បើតាមលោកឧត្តសេនីយ៍ស្នងការ វត្ថូតាងដកហូតបាន៖ អាវុធ ខ្លី១ដើម (CF98-9.ខ្មៅ) បង់២, គ្រាប់9mm ចំនួន១៩គ្រាប់, បំពុងផ្ទប់សម្លេង ១ (ស៊ីឡង់), រថយន្ត ១គ្រឿង ម៉ាក AUDA7 ពណ៌ប្រផេះ, ពិល១ ព្រមទាំងសារធាតុញៀន និងកញ្ឆាមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីច្បាប់៕