(រតនគិរី)៖ ទោះបីក្នុងបរិបទកូវីដ១៩ក៏ដោយ តែក្រុមហ៊ុន «អន ចាន់ណា» នៅតែសហការជាមួយក្រុមហ៊ុនវិនិយោគផ្សារបានលុង ស្ថាបនាតូបលក់ដូរក្នុងតំបន់៤ឲ្យបានរួចរាល់ ចន្លោះខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២ខាងមុខ។

បើតាមក្រុមអាជីវករមួយចំនួន ដែលកំពុងអង្គុយលក់ដូរបណ្តោះអាសន្ន បានប្រាប់ឲ្យដឹងថា បើទោះជារៀងរាល់ថ្ងៃមិនសូវមានភ្ញៀវចេញ-ចូល ហើយការលក់ដូរក៏មិនសូវដាច់ តែពួកគាត់មានកន្លែងលក់ដូរត្រឹមត្រូវមិនហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ដូចកាលលក់ក្រោមឆ័ត្រទេ។

ពួកគាត់បន្តថា ការចំណាយដូចជា ភាស៊ី និងអនាម័យអស់ចំនួន ១,៥០០រៀលក្នុង១ថ្ងៃ។ ពួកគាត់សង្ឃឹមថា ពេលគណៈគ្រប់គ្រងផ្សារបានលុង រៀបចំកន្លែងឲ្យក្រុមអាជីវករចូលដូរជុំគ្នាពោល គឺមិនឲ្យមានលក់តាមផ្លូវសាធារណៈដូចពេលនេះ ភ្ញៀវចេញ-ចូលផ្សារបានលុង មានការកើនឡើងដូច្នេះពួកគាត់ក៏អាចលក់ដាច់ជាងនេះ។

តំណាងក្រុមហ៊ុន «អន ចាន់ណា» លោក ជួន សុផល ដែលកំពុងមមាញឹកស្ថាបនាតូបក្នុងតំបន់៤ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ដើម្បីឲ្យក្រុមអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ តាមស្តង់ដានោះ ក្រុមការងារសហការជាមួយក្រុមហ៊ុនវិនិយោគផ្សារបានលុង រៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ចាក់បេតុង ប្រព័ន្ធលូ ប្រកដំបូល ឲ្យមានអនាម័យ សណ្តាប់ធ្នាប់ បរិស្ថានមិនឲ្យពួកគាត់ជួបបញ្ហាដូចជាភ្លៀង ខ្យល់កន្ត្រាក់បោកបក់ដូចមុនទេ។

តំណាងក្រុមហ៊ុន «អន ចាន់ណា» បានបន្ថែមថា នៅចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ការស្ថាបនាតូបលក់ដូរក្នុងតំបន់៤នឹងរួចរាល់ជាស្ថាពរ ហើយក្រុមអាជីវករទាំងអស់មិនអនុញ្ញាតឲ្យលក់ដូរតាមផ្លូវមុខផ្សារ លើដងផ្លូវជាតិទេ ព្រោះវាប៉ះពាល់សណ្តាប់ធ្នាប់ បាត់សោភណ្ឌភាពក្នុងក្រុងបានលុង។

បន្ថែមលើនេះទៀតលោក ជួន សុផល បានសុំណូមពរចំពោះអាជីវករណា ដែលមិនទាន់មានតូបលក់ដូរ ត្រូវទៅទំនាក់ទំនងនៅស្នាក់ការផ្សារជួបជាមួយគណៈគ្រប់គ្រងផ្សារផ្ទាល់ចៀសវាងទទួលព័ត៌មានមិនច្បាស់ ដោយភ្ជាប់មកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណ, ប័ណ្ណគ្រួសារ, សៀវភៅស្នាក់នៅជាដើម។ រីឯតម្លៃជួលតូបវិញគឺមានកំណត់ក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួររំលឹកថា បន្ទាប់ពីលោក ញ៉ែម សំអឿន ទទួលតំណែងជាអភិបាលខេត្តរតនគិរី គាត់បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករក្នុងផ្សារបានលុង ព្រមទាំងបានសន្យាដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក៕