(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ នេះ មានប្រជាជនក្រីក្រចំនួនជាង៣ សែននាក់ និងសិស្ស ព្រមទាំងកុមារងាយរងគ្រោះជាង ៥ម៉ឺននាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោក។

អង្គការទស្សនៈពិភពលោកអនុវត្តគម្រោងទឹកស្អាត និងអនាម័យនេះមានក្នុងតំបន់គោលដៅចំនួន ២៤ស្រុក មាននៅក្នុងខេត្តក្រចេះ, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កំពង់ឆ្នាំង, ព្រះវិហារ,បន្ទាយមានជ័យ, សៀមរាបប និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ។

គោលដៅរបស់អង្គការទស្សនៈពិភពលោក គឺធានាទៅដល់ការលូតលាស់របស់កុមារ និងដើម្បីឲ្យពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតប្រើប្រាស់ និងបរិភោគ។

នៅឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោក ចង់សម្រេចនូវគោលបំណង ចំនួន២គឺ៖

*ទី១៖ ប្រជាជនចំនួន ៥សែននាក់ នឹងទទួលបានទឹកស្អាតដើម្បីបរិភោគ ព្រមទាំងឧបករណ៍អនាម័យប្រើប្រាស់។
*ទី២៖ កុមារនៅតាមសាលារៀន ចំនួនជាង ១សែននាក់ នឹងមានទឹកស្អាតបរិភោគ ព្រមទាំងឧបករណ៍អនាម័យប្រើប្រាស់។

ក្នុងពិធីបុណ្យណូអែលនេះ ផ្សារទំនើប អូឡាំព្យា បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ឈ្មោះ «ពិព័រណ៍បុណ្យណូអែល រួមចំណែកកែប្រែជីវិតកុមារកម្ពុជា» ដើម្បីរៃអង្គាសទឹកប្រាក់សាងសង់អណ្តូងទឹកមួយ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស ជិត៤០០នាក់ ក្នុងសាលាបឋមសិក្សានៅក្នុងខេត្តកំពង់ឆ្នាំង។

យើងសង្ឃឹមថា ការចូលរួមពីអ្នកទាំងអស់គ្នា និងជួយទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប និងធានាថា ប្រជាជននៅទូទាំងប្រទេស ជាពិសេសកុមារងាយរងគ្រោះមានទឹកស្អាតប្រើប្រាស់ និងជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីកង្វះទឹកស្អាត៕