(កំពត)៖ ក្រុមការងារអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធពីសហគមន៍ បានរួមសហការគ្នារៀបចំកម្មវិធីជួបជុំគ្នា របស់គម្រោងលើកកម្ពស់ក្មេងស្រីរស់នៅ ក្នុងសហគមន៍ក្រីក្រ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងអនុវត្តការងារជាមួយដៃគូក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់ក្មេងស្រីដែលងាយរងគ្រោះ និងកំពុងត្រូវការជំនួយ។

កម្មវិធីលើកកម្ពស់ក្មេងស្រីនេះដែរ បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងខេត្តកំពត នៅរមណីយដ្ឋានមួយនៅខេត្តកំពត ដែលដឹកនាំដោយ ជាក្រុមការងារនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងមានក្មេងស្រីជាច្រើននាក់ផងដែរ។

កម្មវិធីនេះធ្វើឡើងដោយផ្តោតលើកុមារី ក្មេងស្រីដែលបោះបង់ការសិក្សា និងក្មេងស្រីវ័យក្មេងដែលរស់នៅក្នុងស្ថានភាពក្រីក្រ និងរងផលប៉ះ ពាល់ពីសម្ពាធពីមិត្តភ័ក្តិ ការចាកចេញពីការងារដែលមានប្រាក់ឈ្នួល និងសម្រាប់ស្រីវ័យក្មេងដែលចូលរួមក្នុងទំនាក់ទំនងផ្លូវភេទជាមួយដៃគូ ដើម្បីកាត់បន្ថយការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក ការឆ្លងមេរោគអេដស៍ និងការរៀបការរបស់ក្មេងស្រីវ័យក្មេង។

ក្មេងស្រី លីសា អ្នកដឹកនាំក្មេងស្រីម្នាក់ បានចែករំលែកបទពិសោធន៍របស់នាងនៅក្នុងសហគមន៍ នាងបានប្រឈមមុខនឹងការមាក់ងាយ និងការរើសអើង នៅក្នុងសហគមន៍ ទើបនាងបានសម្រេចចិត្តបោះបង់ការសិក្សា និងក្លាយជាក្មេងទំនើងដោយសារតែមិត្តភក្ដិផ្សេងទៀត។ ប៉ុន្តែឥឡូវនេះនាងបានយល់ដឹងក្រោយពីបាន រៀនពីគម្រោង Girl Act ហើយក្លាយជាអ្នកដឹកនាំក្មេងស្រីម្នាក់ថែមទៀតផង។ បរិយាកាសនិងការគាំទ្រក្មេងស្រីមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញក្មេងស្រី ឱ្យមានការអប់រំ និងអនាគតល្អ។

ក្មេងស្រីមួយរូប បានលើកឡើងថា ម្តាយនាងបានស្លាប់ដោយសារជំងឺអេដស៍ ឪពុកក៏បានផ្លាស់ទៅរស់នៅកន្លែងផ្សេងជាមួយប្រពន្ធថ្មី នាងបានរស់នៅជាមួយ លោកយាយជាមួយការលំបាក និងមានជំងឺប្រចាំកាយ រហូតដល់ពេញវ័យដោយសារការតស៊ូមានការងារធ្វើ ហើយនាងក៏បានរៀនសូត្រច្រើនតាមរយៈកម្មវិធីរបស់អង្គការ AHF Girl Act ហើយវាក៏ជាការ គាំទ្រនាង និងមនុស្សស្រី ជាច្រើនដើម្បីឱ្យមានភាពរឹងមាំនិងខ្លាំងក្លាផងដែរ។

ចន្ធី អ្នកដឹកនាំសហគមន៍មួយរូបនៃអង្គការ Girl Act បានឱ្យដឹងថា នាងធ្លាប់មានអតីតកាលខ្មៅងងឹតដោយសារជំងឺអេដស៍ ធ្វើឱ្យជីវិតរបស់នាង ពោរពេញដោយការ លំបាកក្នុងការជួយសង្គ្រោះខ្លួនឯង និងក្រុមគ្រួសារអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែឥឡូវនេះនាងបានក្លាយជាអ្នកដឹកនាំ នៅក្នុងសហគមន៍ដែលមានការតស៊ូ ដើម្បីឆ្ពោះទៅអនាគតរបស់នាង និងគ្រួសារមួយដែលមានស្ថិរភាព។

ចន្ធី បានបន្ថែមថា នាងមិនចង់ឃើញមនុស្សជំនាន់ក្រោយ ឆ្លងមេរោគអេដស៍ដូចនាងទេ ពួកគេត្រូវតែរួចពីជំងឺអេដស៍ ហើយនាងកំពុងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើ ការលើកកម្ពស់ក្មេងស្រី ដោយការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់បំផុត៕