(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន៦ចំណុច ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមបណ្តាញវីដេអូ កម្មវិធី Zoom។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី-ខេត្ត កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ចំនួនប្រមាណ ២០០នាក់។

ទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា ឆ្លងតាមបទបង្ហាញមួយចំនួនស្ដីពី វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាអាទិភាពចម្បងនានា រួមជាមួយនឹងសមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗ ដែលបានមកពីការ អនុវត្តន៍របស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅទូទាំងប្រទេស នៅក្នុងអង្គសន្និបាតនាព្រឹកនេះ តាងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ទទួលបានជោគជ័យ ជាបន្តបន្ទាប់គួរជាទីមោទនៈ។

សមិទ្ធផល និងកត្តាជោគជ័យ ដែលយើងទាំងអស់គ្នាទទួលបាន គឺពិតជាលទ្ធផលនៃការចូលរួមចំណែករបស់សមាជិក សមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាក្រសួង ស្ថាប័ន រាជធានី ខេត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមមុខខ្ពស់នឹងការចម្លងមេរោគអេដស៍។ល។ រួមជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុត និងត្រឹមត្រូវផ្នែកនយោបាយ ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការគាំទ្រ ដោយមិនចេះនឿយហត់ផ្នែកសេវាគាំពារសង្គម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ ក្នុងនាមរូបលោកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការ ពិភាក្សា យ៉ាងសកម្ម នៅក្នុងអង្គសន្និបាតនាពេលនេះ លោកសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍ ចំនួន ៦ចំណុចសំខាន់ៗ ដូច ខាង ក្រោម៖

*ទី១. យើងត្រូវធានាឲ្យបាននូវចីរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្កើត ឬធ្វើបច្ចុប្បន្នភាព និងដំណើរការកិច្ចប្រជុំគណៈ កម្មាធិ ការប្រ យុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស ក្នុងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេស។
*ទី២. យើងត្រូវខិតខំធ្វើសមាហរណកម្មកម្មវិធីបង្ការ ថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ដើម្បីទទួលបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចីរភាព។
*ទី៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលរួម និងជំរុញគោលនយោបាយ និងក្របខ័ណ្ឌច្បាប់សំខាន់ៗរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការរៀបចំ និងប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាល ឃុំ សង្កាត់។
*ទី៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទឹកចិត្ត និងចូលរួមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីម្ចាស់ការក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺ អេដស៍នៅក្នុងសហគមន៍ តាមរយៈការកសាងសមត្ថភាពខ្លួន និងការបង្កើតបរិយាកាស អំណោយផលសមស្របនានា។
*ទី៥. យើងទាំងអស់គ្នាពង្រឹងគោលនយោបាយ ប្រើប្រាស់ស្រោមអនាម័យ១០០% ដោយណែនាំឲ្យរក្សាស្រោមអនាម័យនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការប្រកបដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុមយុវវ័យដែលរួមភេទដូចគ្នា ឲ្យធ្វើការរួមភេទដោយសុវត្ថិភាព និងឲ្យទៅពិនិត្យឈាមរកមេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការនានាបានជាប់ជាប្រចាំ។
*ទី៦. អង្គសន្និបាតសូមអំពាវនាវដល់អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញ អ្នក ផ្ទុក មេ រោគ អេដស៍ និងជំងឺអេដស៍ បន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថែម ទៀត តាមគ្រប់រូបភាព ទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ទាំងសម្ភារ និងថវិកា ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត និងពង្រីក អន្តរាគមន៍ប្រ យុទ្ធ នឹង ជំងឺ អេដស៍ ឲ្យឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់លើក្រុមគោលដៅ និងក្រុមប្រជាជនគន្លឹះ ដែលជាក្រុមប្រឈមមុខខ្ពស់។

ទេសរដ្ឋមន្រ្តី អៀង មូលី សង្ឃឹមថា អនុសាសន៍ទាំង៦ចំណុចខាងលើនេះ នឹងអាចយកទៅប្រើប្រាស់ជាចលករ ក្នុងការអនុវត្តគម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេ រោគ អេដស៍ និងជំងឺអេដស៍ក្នុងឆ្នាំខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕