(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឱ្យប្រើប្រាស់គោលនយោបាយ ៧ចំណុច ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយទាំង៧ចំណុចនេះ បានធ្វើឡើងក្រោមវត្តមាន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នៅទីស្នាក់ការគណបក្សនេះ ក្នុងរាជធានីភ្នំពេញ។

គោលនយោបាយជំនួន៧ចំណុចនេះរួមមាន៖

ទី១៖ បើកវេទិកាសាធារណៈរៀងរាល់មួយខែម្តង ជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានឃុំ-សង្កាត់។

ទី២៖ បោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឃុំ-សង្កាត់។

ទី៣៖ ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់បញ្ជូនទៅមន្ទីរពេទ្យដោយមិនគិតថ្លៃ។

ទី៤៖ ចាស់ៗគ្មានទីពឹងចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀល ក្នុងម្នាក់ជារៀងរាល់ខែ និងទទួលបានការថែទាំពីរដ្ឋបាលឃុំ-សង្កាត់។

ទី៥៖ ពង្រឹងការផលិតវិស័យកសិកម្មដើម្បីទទួលបានទីផ្សារឱ្យមានតម្លៃខ្ពស់។

ទី៦៖ បើកវគ្គបណ្តុះបណ្តាលពហុជំនាញដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ឱ្យមានមុខរបរចិញ្ចឹមជីវិតច្បាស់លាស់។

ទី៧៖ បង្កើនថវិកា៦០ម៉ឺនដុល្លារអភិវឌ្ឍឃុំ-សង្កាត់ ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឱ្យមានតម្លាភាព ដើម្បីពនឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឃុំ-សង្កាត់។

បើតាមលោក ពេជ្រ ស្រស់ បានឱ្យដឹងថា សម្រាប់គោលនយោបាយទាំង៧ចំណុច ដែលគណបក្សលោកដាក់ចេញឱ្យប្រើប្រាស់នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារគណបក្សរបស់ចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ដើម្បីប្រមូលធាតុផ្សំរហូតបង្កើតឱ្យមានគោលនយោបាយទាំង៧ចំណុចនេះឡើង៕