(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា «បើគ្មានសន្តិភាព យើងគ្មានលទ្ធភាពអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចសព្វថ្ងៃនេះទេ»

លោកបន្តថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យឲ្យមានការចម្រើនលើគ្រប់វិស័យ។ ការថ្លែងបញ្ជាក់បែបនេះ របស់លោក រស់ ផារិទ្ធ បានធ្វើឡើងនៅក្នុងពិធីសំណេះសណាលចែកអាវរងា ក្រមានិងថវិកាមួយចំនួន ដល់ប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពងទឹកនឹងចាស់ជរា នៅឃុំពងទឹក នាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២១។

លោក រស់ ផារិទ្ធ ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសណាក់សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រជាការពារភូមិ នគរបាលបាលប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរដែនដី ហើយសម្ដេចតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅជាពិសេសក្នុងអំឡុងពេលកូវីដ១៩ រាលដាលនៅក្នុងសហគមន៍។

លោកគូសបញ្ជាក់ថា បន្ទាប់ពីប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លារយៈពេល ១០ខែ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នោះ។

លោក រស់ ផារិទ្ធ ក៏បានថ្លែងណែនាំឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវត្ដនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។ មួយវិញទៀត ត្រូវរៀនរស់តាមបែបកន្លងថ្មីនៃបរិបទ ជំងឺកូវីដ១៩ និងត្រូវខិតខំប្រកបរបររកស៉ីចិញ្ចឹមជីវិត ក្នុងការលើកស្ទួយជីវភាពឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជាបានបើកដំណើរការលើគ្រប់វិស័យឡើងវិញ។

សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពងទឹក ពលរដ្ឋចាស់ជរាក្នុងម្នាក់ៗទទួលបានអាវរងា ក្រមានិងថវិកាចំនួន ១៥០០០រៀល រួមជាមួយគ្នានេះលោក ទេព ប៊ុនថារី ក៏បានឧបត្ថម្ភស៉ីម៉ង់ត៍ចំនួន ១តោន ដល់ប៉ុស្តិ៍រដ្ឋបាលឃុំពងទឹកផងដែរ៕